
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យ លោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅវិមានសន្តិភាព។
ក្នុងជំនួបសម្ដេចតេជោ ស្នើឱ្យហ្វីលីពីន ពិនិត្យលទ្ធភាពវិនិយោគទៅលើការនាំចេញអង្ករពីកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោបានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាព ពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជា សម្រាប់ការនាំចេញទៅជំរុញឲ្យមានស្ថេរភាពស្បៀង នៅប្រទេសហ្វីលីពីន ត្បិតកម្ពុជាមានអង្ករនៅសល់ច្រើនលានតោន គឺប្រមាណ៦លានតោនក្នុងមួយឆ្នាំ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ហ្វីលីពីន អាចដាក់មកដាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ កសាងឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដា ញដើម្បីទិញស្រូវស្រុកស្តុកទុក ដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។
សម្តេចតេជោបានមានប្រសាសន៍ផងដែរថា យើងគប្បីណាពិនិត្យមើលសក្តានុពល ដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្កនុពលនៅទីឆ្ងាយៗ យើងអាចធ្វើយ៉ាងណាគេយកសក្តានុពលនេះ មកប្រើប្រាស់ហើយបំពេញឲ្យគ្នាទៅវិញទៅមកបាន។
លោកជំទាវ បានមានប្រសាសន៍ថា តាំងពីឆ្នាំ ២០១៩មក ហ្វីលីពីន បានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេសហ្វីលីពីន។ ដូច្នេះការនាំអង្ករចូល ត្រូវពឹងទៅ លើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីន ដែលអាចមានចំណាប់អារម្មណ៍ ក្នុងការនាំចូល។
លោកជំទាវ នឹងលើកទឹកចិត្តឲ្យវិនិយោគិនហ្វីលីពីន មកកាន់កម្ពុជា ដើម្បីពិនិត្យមើលលទ្ធ ភាពនាំអង្ករចេញពីកម្ពុជា ព្រោះអង្ករនៅកម្ពុជា មានស្ថេរភាព និងនៅសល់ច្រើន ដែលអាចនាំចេញទៅហ្វីលីពីនបាន។
ជាមួយគ្នានេះ លោកជំទាវ បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ ១៩ បានយ៉ាងល្អប្រសើរនៅកម្ពុជា គឺមានការរីករាលដាលឆ្លងជំងឺនេះយ៉ាងតិចបំផុត។
លោកជំទាវ មាន ប្រសាសន៍ថា បេសកកម្មរបស់លោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជ កម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។ ការពង្រីកពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋ កិច្ចនិងវិនិយោគនេះ គឺលោកជំទាវនឹងផ្ដោតការយកចិត្តទុក ដាក់ ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលបានចុះ ហត្ថ លេខាហើយ អនុស្សារណៈដែលបានចុះហត្ថលេខាហើយ ហើយនឹងពិនិត្យមើលលទ្ធភាព និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលប្រទេសយើងទាំងពីរមានរួមគ្នា។
លោកជំ ទាវ ក៏បានគោរពជម្រាបថា លោកជំទាវបានត្រៀមខ្លួនរួច ជាស្រេច ដើម្បីធ្វើយ៉ាងណាចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីដបានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។
សម្ដេចតេជោ បានយល់ស្របជាមួយលោកជំទាវ និងបានសំដែងនូវការរីករាយ ចំពោះទំនាក់ទំនងរបស់កម្ពុជា និងហ្វីលីពីន ដែលបានមានការរីកចម្រើនធំធាត់ជាលំដាប់ រហូត មកដល់ពេលនេះ។
សម្ដេចបានមានប្រសាសន៍ថា ជាការ ពិតជំងឺកូវីដ បានធ្វើឲ្យមានការផ្អាក នូវសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនជាពិតមែន។ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ជាមួយនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ យើងគប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀត ដែលមានជាពិសេស នៅក្នុងក្របខណ្ឌទ្វេភាគីក្របខណ្ឌអាស៊ាន-ចិន និងក្រប ខណ្ឌអាស៊ី-អឺរ៉ុបផងដែរ៕

