
អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ នៅរាជធានី ធ្វើការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះគឺអាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។
ការជម្រុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ រវាង ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរ គមនាគមន៍ និង ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ ជាមួយនិងផ្សារទាំង២៥ ទូទាំងរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រ មូលផ្ដុំសេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបីប្រជាពលរដ្ឋប្រើ ប្រាស់ស្មាតហ្វូនមិនបាន១០០%ក៏ដោយ ប៉ុន្តែកិច្ចការងារនេះយើងត្រូវតែអនុវត្តន៍ ដើម្បី បង្ការទប់ស្កាត់នូវជំងឺកូវីដ- ១៩ ។
ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការណែនាំក៏ដូចជាផ្សព្វផ្សាយទៅតាមបណ្ដាភោជនីយដ្ឋានក្លឹបកំសាន្តនិងទីប្រជុំជនមួយចំនួនដើម្បីបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ។
ឯកឧត្តម បញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះ ពិតជាមាសារៈសំខាន់ដែលធ្វើអោយយើងងាយស្រួលតាមដាន និងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ។
យើងអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក ក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។ ដូច្នេះទាមទារួមគ្នាធ្វើឲ្យទទួលបានជោគជ័យដោយសហការជាមួយនឹងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍បញ្ជាក់ថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covidនេះ ពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួលដល់ការងារ ក្នុងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ។
ឯកឧត្តម បន្តថា ត្រឹមតែម្សិលម៉ិញ និងមកដល់ពេលនេះ គឺមានគ្រឹះស្ថានសាធារណៈនិង ឯកជន ភោជនីយដ្ឋានសណ្ឋា គារ និងរោងចក្រ ជាដើម ចំនួន២៥០០ហើយ ដែលបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចំពោះកិច្ចការងារក្នុងការបំពាក់បច្ចេកវិទ្យាថ្មីនេះ ក្រុមការងាររបស់ក្រសួងនិងជួយទៅលើការងារនេះទៅដល់បណ្ដាខណ្ឌទាំង១៤នៅក្នុងរាជ ធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឱ្យនៅតាមបណ្ដាលភោជនី យដ្ឋានកន្លែងសប្បាយសុភាព និងក្លឹបកំសាន្តក៏ដូចជាផ្សារនានាបានបំពាក់បច្ចេកវិទ្យាថ្មីនេះ អោយបានគ្រប់ទីកន្លែង៕
ដោយ៖ សំអាត និង ពិសិដ្ឋ


