
មីយ៉ាន់ម៉ា ៖ ប្រជាជននៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានបន្តធ្វើកូដកម្ម ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធាកាលពីដើមខែនេះ និងតវ៉ាចំពោះយោធា ដែលបានបាញ់គ្រាប់កាំភ្លើងពិត មកលើក្រុមបាតុករ ដែលបានធ្វើឲ្យមានមនុស្សស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និយាយថាមនុស្សរាប់លាននាក់ បានចូលរួមក្នុងការធ្វើបាតុកម្មនេះ។
នៅទីក្រុងយ៉ាំងហ្គោន ជាទីក្រុងធំបំផុតរបស់ប្រទេស និងផ្សារទំនើបភាគច្រើន ក៏ដូចជាហាងទំនិញ និងក្រុមហ៊ុនលក់រាយ ត្រូវបានបិទ។ ទីក្រុងនេះត្រូវបានរាំងស្ទាំងដំណើរការ ខណៈរោងចក្រ ធនាគារ ផ្លូវរថភ្លើង និងរថយន្តក្រុង បានផ្អាកប្រតិបត្តិការរបស់ពួកគេ។
ប្រជាជន បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា វាជាការតវ៉ាធំបំផុត ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ហើយប្រកាសរដ្ឋក្នុងគ្រាអាសន្ន កាលពីថ្ងៃទី ១ ខែកុម្ភៈ។
គ្មានរបាយការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរសន្តិសុខនោះទេ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ។
ប៉ុន្តែនៅក្នុងរដ្ឋធានី ណៃ ពិ ដ អ្នកតវ៉ាជាង ១៥០ នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តីមេដឹកនាំយោធា លោកឧត្តមសេនីយ មីន អ៊ុងលាំងដែលនិយាយថា យោធាកំពុងគ្រប់គ្រងស្ថានការណ៍ដោយយកចិត្តទុកដាក់។
តាមរបាយការណ៍បានឲ្យដឹងថា មេដឹកនាំយោធានិយាយថា មានមនុស្សបួននាក់ បានស្លាប់នៅក្នុងការតវ៉ា ហើយចំណួនអ្នកស្លាប់តិចជាងបាតុកម្មស្រដៀងគ្នានៅក្នុងបណ្តាប្រទេសដ៏ទៃ ។
ការនិយាយបែបនេះរបស់មេដឹកនាំយោធា ទំនងជា ធ្វើឱ្យមានប្រតិកម្មបន្ថែមទៀតពីប្រជាជន។
កម្លាំងសន្តិសុខ កំពុងប្រឈមនឹងការរិះគន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅបរទេស បន្ទាប់ពីពួកគេបានបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស,៕
