
ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេច ផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ -១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។
នេះបើតាម ការជូនដំណឹងរបស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កាលពីដើមខែកុម្ភៈ កន្លងទៅ សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៦០ ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីចាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ គិតមកដល់ពេលនេះមនុស្សប្រមាណជាង៦ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់សាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជា ក៏នឹងទទួលវ៉ាក់សាំងចំនួន៣២ ម៉ឺនដូស តាមយន្តការកូវ៉ាក់ ដែលត្រូវមកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនាស្អែកនេះ។
ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានប្រកាសឲ្យដឹងថា សម្ដេច នឹងចាក់វ៉ាក់សាំងការពារ covid-19 នៅមន្ទីរពេទ្យកាល់ម៉ែត ហើយនឹងធ្វើសន្និសីទសារព័ត៌មាន នៅទីនោះផងដែរ៕
