
ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌ មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។
ការផ្លាស់ប្តូរនេះ គឺដើម្បីឱ្យភ្ញៀវទេសចរ កាន់តែងាយស្រួល និងទទួលបានព័ត៌មានគ្រប់គ្រាន់ពីការទស្សនាប្រាសាទ បន្ទាយស្រី។ ជាមួយគ្នាដែរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំជាកន្លែងអង្គុយសម្រាកក្រោមម្លប់ឈើនៅតាមបណ្តោយផ្លូវដើរចេញពីប្រាសាទត្រឡប់ទៅចំណតយានយន្តវិញ ដើម្បីសម្រួលដល់ទេសចរដែលមានអាយុច្រើន និងឆ្លើយតបចំពោះភ្ញៀវទេសចរដែលត្រូវការទីតាំងអង្គុយអានសៀវភៅ ព្រមទាំងអាចមើលឃើញប្រាសាទពីចម្ងាយ៕


