
(ខេត្តកំពង់ចាម,ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២១): ដោយហេតុតែនឹកស្រុកកំណើត និងឪពុកម្ដាយពេក បុរសជាគ្រូបង្រៀនម៉ាស្សាឈ្មោះម៉ី ស៊ីថាន អាយុ២៧ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស បានខំធ្វើ ដំណើរតាមរថយន្តឈ្នួលមកដល់ស្រុក ក៏ស្រាប់តែមានអាការក្តៅខ្លួននិងពិបាក ដកដង្ហើម ។លុះពេលយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានី ភ្នំពេញ លទ្ធផលកើតជំងឺ covi-d19 និងបានកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកភោគ សាវុធ អភិបាលស្រុកកងមាសប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៨មីនា ២០២១ថា: បុរសនេះធ្វើការជាគ្រូបង្រៀនម៉ាស្សានៅសណ្ឋាគារសីញជីងថៃ នៅកែងLV ខេត្តព្រះសីហនុ បានធ្វើដំណើរតាមរថយន្តឈ្នួលមកលេងស្រុក កំណើតនៅកន្លែងឡឥដ្ឋក្នុងភូមិអូរកណ្ដោ ដែលឪពុកម្ដាយធ្វើការនៅទីនោះ ដោយបានមកដល់នៅថ្ងៃទី៤ មិនាកន្លងទៅ ហើយក៏មានអាការៈក្តៅខ្លួន និងពិបាកដកដង្ហើម ដោយមានការសង្ស័យម្ចាស់ឡឥដ្ឋ ប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងជំនាញសុខាភិបាល ដើម្បីចុះមកពិនិត្យសុខភាព និងបាននាំទៅមន្ទីរពេទ្យជាបន្ទាន់។
អភិបាលស្រុកកងមាស ប្រាប់បន្តថា ក្រោយពីបាននាំមកកាន់មន្ទីរពេទ្យខេត្តនិង បានយកសំណាកទៅពិនិត្យនៅវិជ្ជាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ លទ្ធផលបង្ហាញ ថាបុរសនេះវិជ្ជមានជំងឺ covid-19។
លុះមកដល់ព្រឹកថ្ងៃទី៨មីនា ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid រួមជាមួយលោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការីបានអញ្ជើញចុះមកពិនិត្យទីតាំងឡឥដ្ឋដោយផ្ទាល់។
ព្រមទាំងបានហ៊ុំព័ទ្ធកន្លែងដែលបុរសកើតជំងឺ covid ស្នាក់នៅ មិនអនុញ្ញាតឲ្យអ្នកណាចេញចូលនោះទេ ហើយអ្នកបម្រើការងារនៅឡឥដ្ឋចំនួន១២គ្រួសារស្មើ ៥៣នាក់ មានទាំងក្មេងនិងចាស់ ត្រូវបាននាំមកធ្វើចត្តាឡីស័កនៅសណ្ឋាគាមេគង្គ មាត់ទន្លេក្រុងកំពង់ចាម ។
ហើយនៅរសៀលថ្ងៃដដែល កម្លាំងជំនាញសុខាភិបាលនិងចុះបាញ់ថ្នាំសម្លាប់មេរោគ។
ជាមួយនោះអាជ្ញាធរក៏បានផ្សព្វផ្សាយតាមមេក្រូ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ អភិបាលស្រុកកងមាសបន្ថែមថាចាប់តំាងពីការផ្ទុះឡើងនូវជំងឺ covid នៅក្នុងស្រុកកងមាស រហូតមកដល់ពេលនេះអ្នកជំងឺមានសរុបកើនដល់ចំនួន១០នាក់ ដែលក្នុងអំឡុងរលកទី១ គឺមានជនជាតិម៉ាឡេស៊ី៨នាក់រួមនឹងខ្មែរអ៊ីស្លាមអ្នកមើលថែទាំព្រះវិហារម្នាក់បានឆ្លងជំងឺ covid ហើយបូករួមទាំងគ្រូបង្រៀនម៉ាស្សាម្នាក់នេះទៀត គឺកើនឡើងដល់១០នាក់។
ហើយរាល់ថ្ងៃនេះគ្រប់ឃុំក្នុងស្រុកកងមាស គឺឲ្យយកចិត្តទុកដាក់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺ covid របស់ក្រសួងសុខាភិបាលរួមទាំងបណ្ដាញសង្គមផងដែរ៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)




