
ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលអោយរបស់បេរក្នុងផ្ទះរងការខូចខាតទាំងស្រុង ខណៈពេលអ្នកជួលជាជនជាតិអូស្រ្តាលី ចប់កិច្ចសន្យាជួល ហើយបិទទ្វារចាក់សោចេញផុតបានប្រមាណ៥នាទី។ទាក់ទិនការកើតមានអគ្គីភ័យនេះ គេមានការសង្ស័យថាជនជាតិបរទេសរូបនោះលួចដុត ។
ហេតុការណ៍អគ្គីភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៥៤អ៊ី ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ខណ្ឌសែនសុខ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនោះ ត្រូវម្ចាស់ផ្ទះបានជួលឲ្យទៅ ជនជាតិអូស្រ្តាលី បើកធ្វើការកែច្នៃគ្រឿងកំប៉ុងស្រាបៀ និងចាក់ពុម្ភ ហើយត្រូវបានចប់កុងត្រានៅក្នុងចុងខែនេះតែម្តង។បន្ទាប់ពីម្ចាស់ឈប់បន្តឲ្យជួល តម្រូវឲ្យអ្នកជួលជាជនជាតិបរទេសរូបនោះ រើឥវ៉ាន់ សម្ភារៈ ចាកចេញ ។
តាមព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុ ក្រោយពីជនជាតិអូស្ត្រាលីរូបនោះរើឥវ៉ាន់មួយចំនួនជិះម៉ូតូចាកចេញ បានប្រមាណ៥នាទី ស្រាប់តែគេឮសូរសម្លេងផ្ទុះ និងភាយក្លិនសាំងក្រអូប រួចឆាបឆេះផ្សែងហុយទ្រលោមចេញមកក្រៅ បង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
តាមព័ត៌មានអោយដឹងថា ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ចក៍បានហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកអន្តរាគមន៍ និង នាំគ្នាជួយគាស់ទ្វារ ដើម្បីបាញ់ទឹក ព្រមទាំងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លើងទាន់ពេល ពុំបណ្តាលអោយឆេះ រាលដាល់ឡើយ ។
តាមនគរបានបានអោយដឹងថា សម្ភារៈក្នុងផ្ទះមួយចំនួនបានរងការខូចខាត ហើយសមត្ថកិច្ច បានរកឃើញធុងហ្គាសចំនួន ៤ធុង និងប៊ីដុងសាំងក្រអូបមួយចំនួន ហើយសមត្ថកិច្ចនិងប្រជាពលរដ្ឋមានការសង្ស័យថា ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់៕ ម៉េង ធា