
ខេត្តកណ្តាល ៖ យុវជនចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកស្អាងធ្វើការឃាត់ខ្លួន ក្រោយពីយុវជនរូបនោះផឹកស្រវឹងទាស់ពាក្យសម្តីជាមួយជីដូន និងបានយកដុំដីគប់លើជីដូន ឃើញដូចនោះឪពុកមាទៅឃាត់ហើយទះជនសង្ស័យមួយដៃ ចំភ្នែក ធ្វើឲ្យជននោះខឹង ស្ទុះទៅយកកាំបិតប៉័ងតោ ដេញកាប់បុរសជាឪពុកមាតែកាប់មិនបាន យុវជនរូបនោះក៏យកភ្លើង ដុតផ្ទះម្តាយចោល បណ្តាញឱ្យឆេះម៉ត់តែម្ដង។
អំពើហឹង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនដែលប្រើហឹង្សា និងដុតផ្ទះខាងលើមានឈ្មោះ ផល ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ ( ឃាត់ខ្លួនត្រូវជាកូនបង្កើតម្ចាស់ផ្ទះរងគ្រោះ) ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ កុក ស្រ៊ឺ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅ ភូមិ-ឃុំ កើតហេតុ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ ។ ករណីនេះ បណ្តាលឱ្យខូចខាតផ្ទះ ចំនួន០១ខ្នង ធ្វើពីឈើ ប្រក់សង័្កសី មានប្រវែងទទឹង០៥ម៉ែត្រ បណ្តោយ០៦ម៉ែត្រ, ចានឆ្នាំង និងសំលៀកបំពាក់មួយចំនួនទៀត ។
លោកអធិការបានបន្ថែមថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៨ព្រឹក ជនសង្ស័យ ផល ទិត្យ បានទៅចូលរួមកម្មវិធី បង្កក់កូននៅផ្ទះឈ្មោះ ខាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល រហូតដល់ វេលាម៉ោង១១ព្រឹកថ្ងៃដដែល ឈ្មោះផល ទិត្យ ត្រឡប់មកផ្ទះវិញមានសភាពស្រវឹងស្រា បានសុំលុយម្តាយទៅទិញតែ អូអិឈិចំនួន០១ដបផឹក ទិញរួចជនសង្ស័យ ផល ទិត្យ បានត្រឡប់មកវិញ បានទាស់សម្តីជាមួយឈ្មោះ សូត្រ ស៊ីម (ត្រូវជាជីដូន) ហើយបានរើសដុំដីគុបទៅលើឈ្មោះ សូត្រ ស៊ីម ឃើញដូចនោះឈ្មោះ ប៉ោ លីធី (ឪពុកមា) បានទៅឃាត់ តែមិនព្រមស្តាប់ ក៏ទះមួយដៃត្រូវភ្នែកខាងឆ្វេង ធ្វើឲ្យឈ្មោះ ផល ទិត្យ ខឹង ក៏ស្ទុះទៅយកកាំបិតប៉័ងតោចំនួន០២ រកកាប់ ឈ្មោះ ប៉ោ លីធី តែឈ្មោះប៉ោ លីធី គេចបាត់រកមិនឃើញស្រាប់តែឈ្មោះទិត្យបានទៅដុតផ្ទះឈ្មោះ កុក ស្រ៊ឺ (ត្រូវជាម្តាយ) ឆេះអស់។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅអធិការស្រុកដើម្បីអនុវត្តនិតិវិធី ៕ ដោយ ដាំ ជា