
(ទីក្រុងឌុយបៃ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក រយៈពេល ៦ខែ នៅក្នុងទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិ ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ព្រម ទាំងមន្រ្តីជាន់ ខ្ពស់មួយចំនួនទៀត នៃក្រសួងទេសចរ ណ៍ និងគណៈអភិបាលរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងអំពីពន្លាជាតិកម្ពុជាយើង ដែលបានរៀបចំឡើងតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នារវាងវប្បធម៌នាសម័យបុរាណ និងការរីកចម្រើននាសម័យទំនើបបច្ចុប្បន្ន។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនៅពេលនេះ គឺមានសារៈប្រយោជន៍ខ្លាំងណាស់ ក្រៅពីការបង្កើតទំនាក់ទំនងល្អជាមួយភាគីម្ចាស់ផ្ទះសហភាពអារ៉ាប់រួម ក៏ដូចជាជាមួយបណ្តាប្រទេសអ្នកចូលរួមនានា កម្ពុជាមានឱកាសផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍កម្ពុជា វប្បធម៌កម្ពុជាដ៏រុងរឿង ផលិតផលសក្តានុពលកម្ពុជា និងសមិទ្ធផលធំៗជាច្រើនរបស់រាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោ គ។
ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍កម្រិតពិភពលោក និងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាបានបើកឱ្យភ្ញៀវទេសចរណ៍ចូលមកកាន់កម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះ កម្ពុជា នឹងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនចាប់ពីចុងខែវិច្ឆិកានេះតទៅ៕






