
ភ្នំពេញ ៖ គិតមកដល់ត្រឹមខែកក្ដដាឆ្នាំ២០១៨នេះ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើង រហូតដល់ជាង ២លាន១៩ម៉ឺនគ្រឿង ដោយសារតែកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ហើយរាជរដ្ឋាភិបាល អាចរក្សាបាន នូវកំណើនសេដ្ឋកិច្ចថេរមួយក្នុងរង្វង់៧% ជាប់គ្នាជាច្រើនឆ្នាំ។
បើតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៨ នេះ បានប្រាប់ឱ្យដឹងថា រហូតដល់ខែកក្ដដានេះ ចំនួនរថយន្តគ្រប់ប្រភេទមានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន ១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បីមានចំនួន១ម៉ឺន១ពាន់គ្រឿង ដែលបានចុះបញ្ជី។
លោកប្រធានមន្ទីររូបនេះធ្លាប់បានបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ ចំនួនរថយន្តមានតែ៤០ម៉ឺនគ្រឿង និងម៉ូតូមានចំនួន ១លាន៤០ម៉ឺនគ្រឿង ចំណែកចំនួនកង់បីក្នុងឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ពីតួរលេខនោះ ទេ។ ចំពោះចំនួនយានយន្តខាងលើនេះ គឺបានចុះបញ្ជីរួចរាល់ហើយ លើកលែងតែ រឺម៉កកង់បី មានចំនួនប្រមាណជាង ១០% ប៉ុណ្ណោះ ដែលមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ។
ទាក់ទិននឹងចំនួនយានយន្តនេះ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្មីៗ កន្លងទៅនេះ បានបង្ហាញថា ចំនួនយានយន្តនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ គឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានរីកលូតលាស់ប្រមាណ៧% ក្នុងមួយឆ្នាំនារយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ដែលបច្ចុប្បន្ន រថយន្តនៅក្នុងប្រទេសកម្ពុជា មានចំនួនជិត ១លានគ្រឿង និង ម៉ូតូប្រមាណជាង ៦លានគ្រឿង។
ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់មានប្រសាសន៍ថា “ដោយសារចំនួនយានយន្ត មានការកើនឡើងនេះហើយ ធ្វើអោយគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃ”។ក្រៅពីនេះនៅកត្តាជាច្រើនទៀត ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជា៖ អ្នកបើកបរ មិនសូវគោរព ច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួន៕ អត្ថបទ៖ ឈួន សំអាត