
កំពង់ស្ពឺ ៖ ក្រុមក្មេងស្ទាវចំនួន២នាក់ ត្រូវបានកម្លាំងចម្រុះដែលដឹកនាំដោយលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន និងជាប្រធានគណបញ្ជាការឯកភាពក្រុងច្បារមន បានធ្វើការឃាត់ក្មេងស្ទាវទាំង២នាក់ ខាងលើដោយសារតែជិះម៉ូតូ កែច្នៃបំពង់សម្លេងរំខានដល់អ្នកធ្វើដំណើរនិងអ្នកដ៏ទៃ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ កាលថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៨ ។
លោក ហុក ម៉ារ៉ាឌី អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងច្បារមន បានដឹកនាំកម្លាំងនគរបាលក្រុង ច្បារមន ធ្វើការឃាត់យុវជនចំនួន០២នាក់ បានជិះម៉ូតូដែលបង្កសម្លេងរំខានខ្លាំងៗ នៅតាមផ្លូវសាធារណៈ ក្នុងមូលដ្ឋាន ក្រុងច្បារមន មកពីការកែឆ្នៃបំពង់សុីម៉ាំង ខុសធាតុដើម យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយអញ្ចើញ អាណាព្យាបាល មកធានាយកទៅអប់រំបន្ដ ។
យុវជនទី១ ឈ្មោះ កន សាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងយុវជនទី២ ឈ្មោះ ឈឿន មករា ភេទប្រុស ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង០២ មានទីលំឋាននៅក្នុង ភូមិពង់ទឹក ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមនបានអោយដឹងថា ក្រុមយុវជនទំនើងខាងលើ ដែលត្រូវឃាត់នោះ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ដែលមានបំពង់ស៊ីម៉ាំងបំពងសម្លេងខ្លាំងៗ ជិះរោរ៍ចុះឡើង បង្កការរំខានដល់ អ្នកដ៏ទៃ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងសង្គមថែមទៀត។ នៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ច អញ្ចើញ អាណាព្យាបាលមកទទួលយក និងបានធ្វើកិច្ចសន្យាបញ្ឈប់ការដាក់បំពង់ស៊ីមាំងរោរ៍រំខានអ្នកដទៃថែមទៀតផង៕ អ៊ុ ណូន