
រាជធានីភ្នំពេញ ៖ទីតាំងស្តុបម៉ូតូរបស់ក្រុមហ៊ុនចិនយីហោ បូឌីង អ៊ីនវេសមិនខូអិលធីឌី មួយកន្លែង ត្រូវបានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គមនៃ ក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយរកឃើញម៉ូតូប្រមាណជិត៤០០គ្រឿង ដែលសង្ស័យថា លួចក្លែងបន្លំម៉ូតូម៉ាករហុងដា របស់ក្រុមហ៊ុនហុងដា។
ការចុះបង្ក្រាបទីតាំង លួចលាក់ក្លែងម៉ាកម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនខាងលើដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជុត សាម៉ុន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គម នៃក្រសួងមហាផ្ទៃ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះបានបន្លំម៉ាក របស់ក្រុមហ៊ុនហុងដា ដោយតម្លើងម៉ូតូរាប់រយគ្រឿង និងត្រូវបានក្រុមហ៊ុនហុងដា ប្ដឹងគណៈកម្មការ ទើបសមត្ថកិច្ចចុះមកឆែកឆេរ បង្ក្រាបតែម្តង ។
តាមសមត្ថកិច្ចអោយដឹងថា ក្នុងការឆែកឆេរ សមត្ថកិច្ចរកឃើញម៉ូតូក្លែងបន្លំម៉ាកចំនួនជិត៤០០គ្រឿង ក្នុងនោះមាន ម៉ាកZoomer-x ចំនួន២២៤គ្រឿង ម៉ាកMSL-S1ចំនួន១០០គ្រឿង ម៉ាកScoopyចំនួន៣១គ្រឿង ម៉ាកDucatiចំនួន៣គ្រឿង ម៉ាកហុងដា Dream ចំនួន៣គ្រឿង ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង តែមZoomer-x MSL-S1 Scoopy Ducati Dream ចំនួន៤កេស ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួនទៀត។
តាមនគរបាលបានអោយដឹងថា ជនជាតិចិនចំនួន ២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ ។ ចំណែកទីតាំង ត្រូវបានកម្លាំងចម្រុះ ឃ្លុមបេទាំងម៉ូតូទុកបណ្ដោះអាសន្ន៕ ម៉េង ធា