
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសឡាងឆានដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព៥ឆ្នាំទៅមុខក្នុងក្របខ័ណ្ឌមេគង្គ-ឡាងឆាន។
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានឱ្យដឹងដូច្នេះលើកក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាការងាររបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ខណៈឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជានោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ ទំនងទ្វេភាគីកម្ពុជា-ចិន។
ពិសេសសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសចំពោះវិបត្តិនៅអ៊ុយក្រែន និងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណារក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវសេចក្ដីសាទរចំពោះភាពជោគជ័យរបស់ប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ BRICS និង BRICSបូក។
ឯកឧត្ដម វ៉ាង យី បានសម្ដែង នូវការអបអរសាទរចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ ក្នុងខណៈដែលភាពតានតឹងនៃស្ថានភាព នយោបាយ ក្នុងតំបន់ និងសកលកំពុងតែកើនឡើង។
រដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ព្រមទាំងបាន ប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបន្តការសហប្រតិបត្តិការនានា ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។
ប្រមុខការទូតនៃប្រទេសទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសឡាងឆានដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព៥ឆ្នាំទៅមុខ ក្នុងក្របខ័ណ្ឌមេគង្គ-ឡាងឆាន៕

