
សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយសហគមន៍អឺរ៉ុបពិចារណាឡើងវិញទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី ព្រោះទណ្ឌកម្មប៉ះពាល់ដល់ ប្រជា ជនសកលលោកទាំងមូល។ សម្តេចតេជោ ក៏បញ្ជាក់ចំពោះមុខសហភាពអឺរ៉ុប ថា កម្ពុជានៅតែរក្សាជំហរ មិនយកអធិបតេយ្យភាពទៅដូរនឹងជំនួយ និងប្រព័ន្ធ អនុគ្រោះពន្ធនោះឡើយ។
ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ នៅព្រឹកថ្ងៃទី០៤ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអឺរ៉ុបពិនិត្យឡើងវិញអំពីការដាក់ទណ្ឌរុស្ស៊ី ព្រោះទណ្ឌកម្មមិនប៉ះពាល់ ដល់រុស្ស៊ីតែមួយនោះទេ តែប៉ះពាល់ដល់ប្រជាពលរដ្ឋនៅអឺរ៉ុប និងប្រជាជននៅពិភពលោក។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី ចំពោះមុខតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្ម ការអឺរ៉ុបថា កម្ពុជាមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរ យកជំនួយ រឺប្រព័ន្ធអនុគ្រោះពន្ធអ្វីនោះទេ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារលើកហេតុផលថា កម្ពុជារំលោភបំពានសិទ្ធិមនុស្ស។ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១កាលពីខែមីនាកន្លងទៅ មន្ត្រីជាន់ខ្ពស់កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាពីការស្ដារសេដ្ឋកិច្ចឡើងវិញ នៃទំនាក់ទំនងពាណិជ្ជកម្មរបស់ភាគីទាំងពីរ និងការដកបណ្តោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធរបស់អឺរ៉ុប (EBA)។
ទោះជាយ៉ាងណាក្តី សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុបលើកទី១១ កាលពីខែមីនា ២០២២ ដែលបានរួមចំណែក ដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងពីរ។
សម្តេចតេជោ មិនភ្លេចអរគុណសហភាពអឺរ៉ុបចំពោះការផ្តល់ជំនួយដល់កម្ពុជា តាំងពីឆ្នាំ ១៩៩២មក ជួយជំរុញដល់ការអភិឌ្ឍកម្ពុជា។ ពិសេសបានចូលរួមផ្តល់វ៉ាក់សាំង ចូលរួមចំណែកទប់ស្កាត់កូវីដ។ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមឲ្យមានការរៀបចំកិច្ច ប្រជុំកំពូលរំលឹកខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហភាពអឺរ៉ុប នៅខែធ្នូឆ្នាំ២០២២ ខាងមុខ ហើយជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ នឹងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន សហភាពអឺរ៉ុប។
កម្ពុជាគាំទ្រជាគោលការណ៏ឯកសារទស្សនទានរបស់ អឺរ៉ុបស្តីពីសេចក្តីថ្លែងការណ៏រួមរបស់ថ្នាក់ដឹកនាំអាស៊ានសហភាពអឺរ៉ុប ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានសហភាពអឺរ៉ុប
លោក ហ្វុនតេល រីករាយដែលបានមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ាន និសហភាពអឺរ៉ុប។ លោកបានគាំទ្រ វាយតម្លៃខ្ពស់ចំពោះភាពដឹក នាំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។
លោកបានពិភាក្សាផងដែរពី បញ្ហា កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា លើការអនុគ្រោះ ពន្ធគ្រប់មុខទំនិញ លើកលែងតែអាវុធ កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន សហភាពអឺរ៉ុប៕






