
មន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីឯកឧត្តម Sergey Lavrov បានចូលជួប ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅព្រឹកម៉ិញ ក្នុងឱកាសមកចូលរួមកិច្ចប្រជុំអាស៊ាន-រុស្ស៊ីនៅល្ងាចថ្ងៃទី០៤ សីហានេះ។ ជំហររបស់កម្ពុជា ក៏ដូចជាជំហររបស់អាស៊ាន គឺចង់ឲ្យមានដំណោះស្រាយតាម រយៈការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់ជម្លោះនេះ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស៊្សីថា កម្ពុជាចង់ឃើញភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបន្តការចរចារស្វែងការសន្តិភាព ដើម្បីបញ្ចប់ជម្លោះនេះឲ្យបាន ឆាប់។
នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច តេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។
សង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយជាង៣ខែមកហើយ ដែលធ្វើឲ្យបាត់បង់ជីវិត និងខូចខាតអ៊ុយក្រែនយ៉ាងខ្លាំង។
តាមរយៈទណ្ឌកម្មជាបន្តបន្ទាប់របស់អឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្ត បានធ្វើឲ្យតម្លៃប្រេង ថាមពល និងសន្តិភាពស្បៀង បាន ជួបវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាន។ ដូច្នោះហើយការបញ្ចប់ជម្លោះឲ្យបានឆាប់ជារឿង ចាំបាច់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះទេ តែគឺ សម្រាប់ជាប្រយោជន៏ដល់ប្រជាជនលើពិភពលោក។ ឯកឧត្តម Sergey Lavrov បានគោរពរាយការណ៍ជូនសម្ដេច អំពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លំអិត ចំពោះបញ្ហានេះនោះទេ។
ក្រៅពីនេះ រដ្ឋមន្ត្រីការបទេសរុស្ស៊ី បានសង្កត់ធ្ងន់លើការពង្រឹងពង្រីក ដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជម្រុញការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ។
សម្ដេចតេជោ បានឯកភាពជាមួយ ឯកឧត្តម Lavrov ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស ជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ សម្ដេច មានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលបានគាំទ្រ និងជំនួយជាច្រើនដ៏មានតម្លៃ ផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។
សម្ដេចតេជោបានបន្ថែមថា យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកប ដោយមិត្តភាព និងសមានជិត ក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់៕
សំ វណ្ណា





