
កណ្តាល ៖ បុរសម្នាក់ ត្រូវជនល្មើសយកដែកឆាបចុងស្រួច ចាក់ចំដងខ្លួនក្រោមឃ្លៀកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់
ហើយបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារពួកគេទាស់ពាក្យសម្តីជាមួយគ្នាពេលកំពុងផឹកស្រា ។
អំពើហឹង្សាបណ្តាលឱ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨
នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុស
អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរកសិករ ។ ចំណែកជនល្មើសមានឈ្មោះ អ៊ី វាសនា
ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
ខណៈឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតដែកឆាប ០១ដើម ( ផ្លែដែកចុងស្រួច ដងឬស្សី)មានប្រវែង ០.២៤ម៉ែត្រ និងម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៧ គ្មានផ្លាកលេខ ០១គ្រឿង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាខាងលើ ជនសង្ស័យបានមកអង្គុយផឹកស្រាថ្នាំ ជាមួយ
ឈ្មោះ ឃួន សុភ័ក្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ម៉ៅ ហេឡូ ភេទប្រុស អាយុ៣៩ឆ្នាំ នៅក្បែរផ្ទះរបស់ឈ្មោះ ទូច ផល ភេទស្រី អាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ។ ពេលកំពុងអង្គុយផឹកស្រានោះ ជនរងគ្រោះបានដើរមកដល់
រួចក៏ឈរផឹកស្រាជាមួយជនសង្ស័យ ។ បន្ទាប់ពីជនរងគ្រោះផឹកស្រាបានមួយកែវ ក៏បានបានឈ្លោះប្រកែកគ្នាជាមួយ ជនសង្ស័យ រហូតមានការប្រតាយប្រតប់គ្នាដោយដៃទៅវិញទៅមក ខណៈនោះឈ្មោះ ម៉ៅ ហេឡូ បានចូលទៅឃាត់ បំបែកចេញ ហើយជនសង្ស័យបានឡើងម៉ូតូជិះចេញបានចម្ងាយ១០ម៉ែត្រ ក៏ឈប់ម៉ូតូ រួចស្ទុះចូលទៅម្តងទៀត ដោយយក វត្ថុរឹងមួយ(ដែកឆាប) ពីចង្កេះចាក់ទៅលើជនរងគ្រោះ ចំដងខ្លួនក្រោមឃ្លៀកខាងឆ្វេងរងរបួសធ្ងន់។ ក្រោយពីចាក់ ជនរងគ្រោះរួច ជនសង្ស័យ បានបោះចោលវត្ថុរឹង (ដែកឆាប) នៅក្បែរកន្លែងកើតហេតុ រួចឡើងជិះម៉ូតូគេចខ្លួនចេញ ពីកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក តែជនរងគ្រោះ បានស្លាប់មុនពេលយកមកដល់មន្ទីរពេទ្យ ។
ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ បានចុះទៅឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ដោយ ដាំ ជា