
កំពង់ស្ពឺ ៖ បុរសជាម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តមួយគ្រឿង បើកលឿន បុកពីក្រោយអូសជាច្រើនម៉ែត្រ ក្រោយកើតហេតុតៃកុងរថយន្តបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ ស្រមោល កាលពីវេលាម៉ោង០៨និង២៥នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកគៀរ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A.០៩៩១ អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ដោយសារក្រោយហេតុ អ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ រថយន្តខាងលើ បានបើកបរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ ០១គ្រឿងពីក្រោយ ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ញឹម សៅ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
នគរបាលចរាចរណ៍ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយស្លាប់ ខូចខាតម៉ូតូ០១ គ្រឿងកំរិតស្រាល និងរថយន្ត ០១គ្រឿង កំរិតស្រាល។ ភ្លាមៗនោះ នគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំងម៉ូតូ និងរថយន្ត ត្រូវបាននគរបាលជំនាញដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុ ណូន