
កណ្តាល ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលខេត្តតាកែវធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូរបស់បុរសម្នាក់ដែលមានដាក់ប្រព័ន្ធសុវត្ថិភាព GPS នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ហើយជិះទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់គេឯខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិត្រពាំវែង
ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅស្លាកលេខ កណ្តាល 1E-4186(របស់ជនរងគ្រោះ) ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំប្រពន្ធកូនចូលសម្រាកដូចសព្វមួយដង លុះព្រឹក ឡើងម៉ោងប្រហែល៦ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ម៉ូតូ ភ្លាមនោះខ្លួន ក៏បានទាញទូរស័ព្ទ ដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនក៏បានហៅមិត្តភ័ក្រម្នាក់ទៀត ហើយក៏បើកឡានតាមរក ម៉ូតូតាមសញ្ញាបង្ហាញរបស់ GPS និងបានរាយការណ៍ជូនសមត្ថកិច្ច ។
ដោយបានកិច្ចសម្របសម្រួល និងដឹកនាំរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង សាលាដំបូងខេត្តតាកែវ បានការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងខេត្តកណ្ដាល និង ឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បាន តាមរុករកស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ចាប់បានជនសង្ស័យដែលបានរត់គេចខ្លួន មកសំងំនៅក្នុងផ្ទះ ហើយត្រូវ បានកងកម្លាំងព័ទ្ធឆែកឆេរ រកចាប់បាន និងរកឃើញ ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ និងសម្ភារៈ មួយចំនួនទៀតសម្រាប់ ធ្វើសក្មភាពលួចម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ។ រីឯម៉ូតូ ត្រូវបាន សមត្ថកិច្ចធ្វើឯកសាររួចប្រគល់ជូនជនរងគ្រោះវិញ ៕ ដោយ ដាំ ជា