
ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ង រហើយត្រូវយកទៅសង្គ្រោះ នៅគ្លីនិកក្បែរកន្លែងកើតហេតុភ្លាមៗ ដោយសារតែជិះម៉ូតូម្នាក់ឯងឆ្លងផ្លូវ ហើយត្រូវរថយន្តប្រភេទដឹកទំនិញផលិតនៅប្រទេសកូរ៉េ បើកលឿនមិនប្រយត្ន័ បុកបណ្តាលអោយរងរបួស។
ក្រោយកើតហេតុ អ្នកបើកបររថយន្តភ័យពេក បានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល កាល១១និង៤០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ៤៧ទៅលេខ៤៨ នៅទល់មុខមន្ទីពហុព្យាបាល និងសម្ភព អ៊ុ សារ៉ន ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាតរកាធំ ក្រុងច្បារមន កំពង់ស្ពឺ។
នគរបាលចរាចរណ៍បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ដឹកទំនិញផលិតនៅប្រទេសកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ4001 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ជិះដោយយុវជនម្នាក់ឆ្លងផ្លូវ ដែលម៉ូតូម៉ាកអិចសាយទ័រ ពណ៌ខ្មៅ អត់មានពាក់ស្លាកលេខ បើកបរដោយបុរសឈ្មោះ ចាន់ នៅ ភេទប្រុស អាយុ២៤ឆ្នាំ ជាសិស្សរស់នៅក្នុង ភូមិស្នោរទី១ សង្កាតរកាធំ ក្រុងច្បារមន កំពង់ស្ពឺ បណ្តាលអោយ រងរបួសធ្ងន់ធ្ងរ។ ឯម្ចាស់រថយន្តក្រោយបង្កហេតុ បានចតរថយន្តទុកចោលនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់បាត់ស្រមោល។
ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងនគរបាល ជំនាញក៏ចុះទៅធ្វើការវាស់វែង ដឹកយុវជនរងរបួសទៅព្យាបាល។ ចំណែកវត្ថុរថយន្តបង្កហេតុ និងម៉ូតូរបស់យុវជនរងគ្រោះ ត្រូវបាននគរបាលជំនាញចរាចរណ៍ខេត្ត ដឹកយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ និងស្រាវជ្រាវរកម្ចាស់រថយន្តបង្កហេតុផងដែរ៕ អ៊ុ ណូន