
ខេត្ដកំពង់ស្ពឺ ៖ យុវជន២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយត្រូវបានរថយន្តព្រូសរបស់ជនជាតិចិន បើកលឿនមិនប្រយត្ន័ ពេលបើកបញ្ច្រាសផ្លូវ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៩និង០៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូរម៉ែត្រ លេខ៣៩ទៅលេខ៤០ ស្ថិតនៅក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលចរាចណ៍ស្រុកបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2T.1839 បើកបរដោយជនជាតិចិន ឈ្មោះ នីវ ឈៀកគ័រ ភេទប្រុស អាយុ60ឆ្នាំ បច្ចុប្បន្មស្នាក់នៅរាជធានីភ្នំពេញ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ កំពង់ស្ពឺ 1H.7617 បើកបរដោយឈ្មោះ ម៉ៅ ទារុណ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិក្រាំងចចាប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកជិះក្រោយឈ្មោះ យឹម រតនា ភេទប្រុស អាយុ22ឆ្នាំរស់ នៅភូមិជាមួយគ្នា បណ្តាលអោយរងរបួសធ្ងន់ ដោយជិះបញ្រ្ចាសទិសគ្នា។ ជនរងគ្រោះទាំងពីរអ្នក ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសុខណាកំពង់ស្ពឺ។
ចំពោះរថយន្ត និងម៉ូតូខូចខាតកំរិតធ្ងន់ និងយកមករក្សាទុក នៅអធិការដ្ឋានស្រុកសំរោងទង។ ក្រោយកើតហេតុ ចំពោះជនជាតិចិនអ្នកបើកបររថយន្ត សមត្ថកិច្ចកំពុងយកមកធ្វើការសួរនាំ នៅអធិការដ្ឋានស្រុកសំរោងទង រង់ចាំដោះស្រាយនៅពេលក្រោយ៕ អ៊ុ ណូន