
រាជធានីភ្នំពេញ ៖ សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះ ពុទ្ធសាសនានៅកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ និងជាចៅអធិការវត្តសំរោងអណ្តែត ក្នុងពិធីជួបសំណេះសំណាល ជាមួយព្រះសង្ឃជាង៤០០អង្គ និងពុទ្ធបរិស័ទសីលវ័ន្តសីលវត្តី ជាង៥០០នាក់ នៅវត្តសំរោងអណ្តែត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បានជម្រុញឲ្យទាំងអស់គ្នា ខិតខំធ្វើអំពើល្អ អំពើជាកុសលសំរាប់ជាតិនេះ និងតម្កល់ទុកសំរាប់ជាតិខាងមុខទៀត ជាពិសេសកុំធ្វើអ្វីដែលនាំឲ្យខូចតម្លៃនៃព្រះពុទ្ធសាសនា។
សម្តេចព្រះសាក្យមុនី បានបញ្ជាក់ថា ដើម្បីឲ្យយើងទទួលបានផលបុណ្យ លុះត្រាតែយើងទាំងអស់គ្នា ខិតខំធ្វើបុណ្យ ធ្វើទាន គឺការចែករំលែកនូវអ្វីដែលយើងមាន ដល់អ្នកដទៃដែលគ្នាកំពុងខ្វះខាត ហើយមិនត្រូវប្រមាថ ឬបៀតបៀន ឬសម្លាប់ជីវិតអ្នកដទៃឡើយ ផ្ទុយទៅវិញ ត្រូវមានសាមគ្គីភាព រវាងព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ ដើម្បីរួមគ្នា លើកតម្លៃព្រះពុទ្ធសាសនាឲ្យបានកាន់តែខ្ពស់ត្រដែតថែមទៀត ចៀសវាងការបង្កឲ្យមាន អធិករណ៍នៅក្នុងវត្ត ដែលនាំឲ្យបែកបាក់សាមគ្គីភាព ធ្វើឲ្យធ្លាក់ចុះនូវសេចក្ដីថ្លៃថ្នូររបស់ ព្រះពុទ្ធសាសនា។
សម្តេចព្រះសាក្យមុនី ក៏បានបន្ថែមទៀតថា ហាមដាច់ខាតចំពោះព្រះសង្ឃ មិនត្រូវប្រព្រឹត្តអ្វីដែលជាអំពើមិនសមរម្យ ផ្ទុយទៅនឹងពុទ្ធវិន័យ ប្រាសចាកនឹងផ្លូវច្បាប់របស់សង្គម ដែលនាំទៅដល់ការប៉ះពាល់តម្លៃ និងកិត្តិយស របស់ព្រះពុទ្ធសាសនាជាដាច់ខាត ហើយជាមួយគ្នានេះ ព្រះសង្ឃគ្រប់អង្គត្រូវ ចូលរួមលើការងារអប់រំ ផ្សព្វផ្សាយចំណេះដឹងផ្សេងៗ ដល់ពុទ្ធបរិស័ទ ដើម្បីរួមចំណែក ក្នុងការជួយលើកកម្ពស់សីលធម៌សង្គម ជួយអប់រំដល់យុវជនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ការចម្លងមេរោគអេដស៍ និងការគោរពច្បាប់ចរាចរណ៍ជាដើម៕ (អត្ថបទៈចាន់ សុភឿន, រូបភាពៈហេង សុខន)