
បាត់ដំបង ៖ ទឹកជំនន់ស្ទឹងសង្កែ ខេត្តបាត់ដំបង បានហក់ឡើងដល់១៣,៧០ម៉ែត្រ គិតមកដល់ត្រឹមម៉ោង០២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ដែលឈានដល់ចំណុចប្រកាសអាសន្ន។
ស្ថានភាពទឹកជំនន់កំពុងហូរខ្លាំង លិចចូលដល់ក្រោមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងស្ទឹងសង្កែជាបណ្ដើរៗហើយ នៅព្រឹកថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨នេះ។ ដែលអាជ្ញាធរខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងបាត់ដំបង និងប្រជាពលរដ្ឋេស់នៅជាប់ដងស្ទឹងសង្កែ ទាំងអស់ផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។
លោក ឡុង ផល្គុន ប្រធានមន្ទីធនធានទឹកខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ថា ស្ថានភាពទឹកផ្នែកខាងលើ នៅចំណុចទំនប់កង្ហត់ និងចំណុចប្រព័ន្ធធារាសាស្ត្រពហុបំណងសេកសក មានការធូរស្បើយហើយ គឺទឹកជំនន់នឹងស្រកជាបណ្ដើរៗ មេឃក៏គ្មានភ្លៀងធ្លាក់បន្ថែមដែរ នៅផ្នែកប្រភពពីខាងលើគឺ ស្រុកសំឡូតនោះ។ ការទឹកស្រកចុះនៅចំណុចខាងលើ ជាសញ្ញាមួយល្អ ព្រោះទឹកជំនន់មិនអាចយាយីរគម្រាមកំហែងដល់ក្រុងបាត់ដំបង ឬឡើងលិចលង់ផ្ទះប្រជាពលរដ្ឋ ផ្លូវសាធារណៈ បន្ថែមទៀតបានឡើយ ស្ថានភាពទឹកស្រកកាន់តែថយចុះនៅរយៈពេល៨ម៉ោងខាងមុខនេះ៕ អ៊ុង សារុំ