
ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មានក្មេងប្រុសម្នាក់ ក្នុងចំណោម០៤នាក់ បានស្លាប់បាត់បង់ជីវិតគួរអោយអាសូរ បន្ទាប់ពីពួកគេទៅឃ្វាលគោ ហើយរើសយកគ្រាប់ M79 គប់លេង ទើបជួបហេតុការណ៍អាក្រក់បែបនេះ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណបន្ទាយ A.C.O ស្ថិតនៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា តាមការសាកសួរមុនពេលកើតហេតុ មានក្មេងឃ្វាលគោចំនួន០៤នាក់ បានយកគ្រាប់ M៧៩ ទៅដំលេង (បោក) បណ្តាលអោយផ្ទុះ ស្លាប់០១នាក់ និងរងរបួសមនុស្សចំនួន០៣នាក់។ ប្រភពបន្តថា ក្នេងប្រុសរងគ្រោះរួមមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ងោល តាំងហេង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុ បណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ
២-ឈ្មោះ សុន សារ៉ន ភេទប្រុស អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ សាលាបឋមសិក្សា៧មករា មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)
៣-ឈ្មោះ យ៉ែម ខ្មៅ ភេទប្រុស អាយុ០៦ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)
៤-ឈ្មោះ យ៉ែម ស្វិត ភេទប្រុស អាយុ០៩ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ បំភ្លឺតាមនីតិវិធី។ ចំពោះសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារ ធ្វេីបុណ្យ តាមប្រពៃណី រីឯជនរងគ្រោះ០៣នាក់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសង្រ្គោះផងដែរ។ ដោយសារតែក្មេងចំនួន០២នាក់ទៀត របួសធ្ងន់ធ្ងរពេក លោកគ្រូពេទ្យបានបញ្ជូនបន្ត ទៅសង្គ្រោះនៅឯរាជធានីភ្នំពេញ៕ អ៊ុ ណូន