
ខេត្ដសៀមរាប ៖ លោកអាគីរ៉ា ដែលគេស្គាល់ថាជាវីរៈបុរសមីនកម្ពុជា ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជាមួយមនុស្សពីរនាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកនូវអាវុធខុសច្បាប់ និងបើកអង្គការសារមន្ទីរគ្រាប់មីនគ្មានច្បាប់។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។
លោកវរសេនីយ៍ទោ ណុល រ៉ុង នាយរងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹង នៅរសៀលថ្ងៃទី៣០ ខែសីហា នេះថា កាលពីថ្ងៃទី២៩ ខែសីហា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបីនាក់ ដែលមានឈ្មោះ អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ តួនាទីជាប្រធានអង្គការសារមន្ទីរមីនកម្ពុជា មានទីលំនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី, ទី២ អឿនយ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ តួនាទីជាអនុប្រធានអង្គការ នៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី, ទី៣ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ តួនាទីជាប្រធានប្រតិបត្តិ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ឆាបឆេះ នៅក្នុងសារមន្ទីរមីនរបស់លោក អាគីរ៉ា នៅក្នុងស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ កន្លងទៅ។
មន្ត្រីជំនាញនៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុងការដែលចុះត្រួតពិនិត្យ នៅក្នុងទីតាំងសារមន្ទីរមីននេះ កម្លាំងស៊ីម៉ាក់បាន ដកហូតបានគ្រាប់បែកដៃចំនួន៩គ្រាប់, មីន 72A ចំនួន១៥គ្រាប់, គ្រាប់កាំភ្លើងខ្លី ចំនួន៣២៥គ្រាប់, ដងគ្រាប់បេចំនួន១, ម្ជុលភ្លើងមីន69 ចំនួន៥ដើម, គ្រាប់កាំភ្លើងដៃ ចំនួន១០គីឡូ, កាំភ្លើងស្វ័យប្រវត្តិឆេះខូច ចំនួន៦ដើម, សំបកគ្រាប់មីន ចំនួន២កេះឈើ, ខ្សែឆេះផ្ទុះចំនួន១, កេះឈើដាក់គ្រាប់បែកចំនួន១, កេះដែកដាក់ខ្សែយឺតចំនួន១, ស្មាច់ដាក់គីបចរន្តចំនួន១, គ្រាប់កាំភ្លើងខ្លី K59 ចំនួន៤២, គ្រាប់គីបចរន្តចំនួ២៩០ដើម និងគីបធម្មតា៣០០ដើម។ ក្រោយពេលប្រមូលគ្រឿងផ្ទុះទាំងអស់ មន្ត្រីជំនាញស៊ីម៉ាក់ បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការកម្ទេចចោល។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះហើយ ដោយចោទប្រកាន់ពីបទរក្សាទុកនូវអាវុធខុសច្បាប់ និងច្បាប់អង្គការសារមន្ទីរគ្រាប់មីននោះហួសសពុលភាព ចំនួន៤ឆ្នាំមកហើយ។ ចំណែកក្មេងនៅក្នុងអង្គការចំនួន១៧នាក់ ស្រី៧នាក់នោះ ត្រូវបានមន្ទីសង្គមកិច្ចខេត្ត យកទៅចិញ្ចឹមបីបាច់ថែរក្សាបន្ត នៅកន្លែងមានសុវត្ថិភាព។
លោកបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនដល់សាលាដំបូងខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ជា ស្រស់