
ក្រោយពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្បួនរថយន្តអមដោយម៉ូតូ៦គ្រឿង បានជូនដំណើរម្ចាស់ជ័យលាភីមេដាយមាស និងសំរិទ្ធិ តំបន់អាស៊ី មកដល់វិមានសន្តិភាព ដើម្បីចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី។។
ថ្លែងនៅក្នុងឱកាសនៃជួបសំណេះសំណាល និងទទួលស្វាគមន៍ប្រតិភូកីឡា និងអត្តពលិកកម្ពុជា ពីការប្រកួតកីឡាអាស៊ី នៅចាកាតា ប្រទេសឥណ្ឌូនេស៊ី លើកទី១៨ នៅល្ងាចថ្ងៃចន្ទ័ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថានេះ «ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាកម្ពុជា ហើយកិត្តិយសដែលអ្នកទាំង២ ទទួលបាននៅថ្ងៃនេះ មិនមែនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួននោះទេ តែគឺជាកិត្តិយសរបស់ជាតិខ្មែរទាំងមូល។ នេះជាតម្លៃរបស់ជាតិ ទាំងមូលដែលយើងត្រូវចូលរួមលើកមោទនភាពជាតិ» សម្តេចតេជោ បានធ្វើការកត់សំគាល់ថា កាលដើមអាណត្តិទី៥ កម្ពុជាបានមេដាយមាសមួយ នាំមកដោយ កញ្ញា ស៊ន សៀវម៉ី រហូតដល់ចុងអាណត្តិ បាននាំមកនូវមេដាយមាស២ទៀត ក្នុងពេលដែលអាណត្តិទី៥នេះ នៅសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ។ អាណត្តិទី៥ គឺជាអាណត្តិដែល យើងធ្វើកំណែទម្រង់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ មិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ ដែលបំពានទៅលើច្បាប់ ទោះឈ្នះ ឈ្នះដោយកិត្តិយស និងចាញ់ក៍ចាញ់ដោយកិត្តិយសដែរ។
បើតាមសម្តេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលនឹងធ្វើការពិចារណា ក្នុងការបន្ថែមប្រាក់ឧបត្ថម្ភថែមទៀត នៅពេលដែល កំណើនសេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់។
គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងកម្រិត Asian Games តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានមេដាយមាស ៨០លានរៀល មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួល បាន៧០ភាគរយ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយមេដាយមាស ទទួលបាន១០.០០០ ដុល្លារ មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយសំរឹទ្ធិ ៣.០០០ដុល្លារ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះមាន ៤៥ប្រទេសចូលរួម។ កម្ពុជាបានឈ្នះមេដាយមាស២វិញ្ញាសា ដែលមេដាយមាសទី១ ដណ្តើមបានដោយកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាម នៃប្រភេទកីឡាជឺជីតស៊ូ និងមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿងទៀត ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស លើវិញ្ញាសា Ski Modified និងឈ្នះមេដាយ សំរឹទ្ធិ លើវិញ្ញាសា Runabout 1100 Stock នៃប្រភេទកីឡាម៉ូតូទឹក៕ សំ វណ្ណា