
ខេត្ដព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយប្រជាពលរដ្ធ នាំគ្នាដេញប្រភិតប្រភីញ ស្ទាក់ចាប់ឃាត់ខ្លួនបាន ជនសង្ស័យមុខសញ្ញាចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក2នាក់ (រត់រួចម្នាក់)។
តាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាម៉ោង 2និង50នាទី ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 ក្មេងស្រីម្នាក់ ឈ្មោះ អ៊ាច ធីម អាយុ១៣ឆ្នាំ រស់នៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបងស្រីប្រើឲ្យជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C.125 ពណ៏ខ្មៅ ពាក់ស្លាកលេខ “ព្រៃវែង” 1G,2326 ទៅទិញទឹកកក នៅផ្ទះរបស់ឈ្មោះ សាយ ថង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ លុះពេលទៅដល់ ក្មេងស្រីរូបនោះបានចុះពីលើម៉ូត ដើរទៅទិញទឹកកក ដោយទុកសោនៅជាប់ជាមួយម៉ូតូ។ ស្របពេលនោះ ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក C.125 ស៊េរីឆ្នាំ2016 ព័ណខ្មៅ ពាក់ស្លាកលេខ “ភ្នំពេញ” 1AS.3374 ជិះឌុបគ្នាចេញពីទិសខាងត្បូង មកដល់ឃើញម៉ូតូមានសោរស្រាប់ ជនសង្ស័យម្នាក់ជិះខាងក្រោយ បានចុះមកធ្វើសកម្មភាពលួចជិះចេញទៅទិសខាងជើង។ ភ្លាមៗនោះម្ចាស់ម៉ូតូបានស្រែកផ្អើលឆោឡោ ថាចោរៗលួចម៉ូតូ ឮដល់ប្រជាពលរដ្ធ និងកម្លាំងសមត្ថកិច្ចនគរបាលឃុំដំរីពួន នាំគ្នាដេញប្រភិតប្រភីញ ធ្វើឲ្យជនសង្ស័យម្នាក់ ភ័យស្លន់ស្លោពេលជិះមកដល់ចំណុចភូមិអូរកណ្តោលត្បូង ឃុំដំរីពួន បានដួលម៉ូតូ ម៉ាក C125 ជារបស់ជនសង្ស័យ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ រីឯជនសង្ស័យម្នាក់ ដែលជិះម៉ូតូរបស់ជនរងគ្រោះ បានគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ស ដាលាង ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិព្រៃសំឡាញ ឃុំសំរោង។ ហើយជនសង្ស័យម្នាក់ទៀត ដែលជិះម៉ូតូជនរងគ្រោះរត់គេចខ្លួុនបាត់នោះ ឈ្មោះ កង សុភាព ភេទប្រុស អាយុ30ឆ្នាំ ភូមិព្រៃសម្លាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាមួយគ្នា។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួន យកមកផ្តន្ទាទោសឲ្យខានតែបាន៕ សុឹម សាន់