
ខេត្តឧត្តរមានជ័យ ៖ យោងតាមរបាយការណ៍ ពីសមត្ថកិច្ចប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា កម្លាំងទាហានថៃ បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅជាប់បរិវេណច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងឃុំដាន ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ ពាក់នឹងការដឹកជញ្ជូនឈើគ្រញូង បង្កប់ក្នុងរថយន្តទំនើបមួយគ្រឿង ដោយបានរកឃើញឈើគ្រញូង ប្រមាណជាង២០ដុំ ហើយត្រូវបានកំលាំងជំនាញស្រុកកាបឈើង ខេត្តសុរិន្ទ ធ្វើការឃាត់ខ្លួន ដោយដកហូតវត្ថុតាង ព្រមទាំងបានបញ្ជូនទៅកាន់អង្គភាព ដើម្បីសាកសួរតាមនិតិវិធី។
របាយការណ៍បន្តថា ជាជនជាតិកម្ពុជាឃាត់ខ្លួន មានឈ្មោះ អួន លីហ៊រ អាយុ២២ឆ្នាំ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តមានជ័យ។ ហើយការឃាត់ខ្លួននេះ គឺជនសង្ស័យបានបើកបររថយន្តមួយគ្រឿង ចូលទៅក្នុងទឹកដីថៃ តាមច្រកអន្តរជាតិអូរស្មាច់ ចូលទៅក្នុងខេត្តសុរិន្ទ លុះពេលចេញមកវិញ ទើបកំលាំងទាហានថៃ បានធ្វើការត្រួតពិនិត្យ ក្នុងរថយន្តនោះម៉ាក លុចស៊ី RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2-AE 7608 ដោយរកឃើញឈើគ្រញូង ចំនួន២៤ដុំ ដែលច្នៃបង្កប់ក្រោមរថយន្ត។
ក្រោយពេលរកឃើញវត្ថុតាងរួចមក កំលាំងសមត្ថកិច្ចថៃប្រចាំច្រក បានធ្វើការប្រគល់ទាំងមនុស្ស រួមនិងវត្ថុតាង ទៅអោយមេព្រៃស្រុកកាបឈើង ដើម្បីនាំយកទៅសាកសួរបន្ត ព្រមទាំងបាននាំយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ៕