
ភ្នំពេញ៖ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា នាឆ្នាំសិក្សា២០១៧-២០១៨ នេះ បានសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (Kampuchean Action For Primary Education) ដាក់បញ្ចូលនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា «សាលាជំនាន់ថ្មី» នៅតាមសាលាគំរូចំនួន៣ នៅក្នុងប្រទេសកម្ពុជា។
លោក អ៊ូ សំអេលីត នាយកសាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (ឧដុង្គ) បាននិយាយថា សាលាជំនាន់ថ្មី គឺជាឈ្មោះកម្មវិធីសិក្សាថ្មីមួយ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណង ធ្វើការពង្រឹងសមត្ថភាពបន្ថែម ចំពោះសិស្សនៅកម្ពុជា ដើម្បីឲ្យពួកគេអាចចូលរួមប្រកួតប្រជែង ជាមួយសិស្សនៅបណ្តារប្រទេសនានាលើសកលលោក។
លោកបានបន្តថា កម្មវិធីសាលាជំនាន់ថ្មី ផ្តោតលើមុខវិជ្ជាសំខាន់ៗមួយចំនួន មានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (Science, Technology, Engineering and Mathematics)។
លោក សំអេលីត មានប្រសាសន៍ថា៖ «សាលាជំនាន់ថ្មី គឺជាកម្មវិធីដ៏ពិសេស ដែលនឹងជួយពង្រឹងសមត្ថភាពសិស្សនៅកម្ពុជា ឲ្យពួកគេអាចចូលរួម ក្នុងការប្រកួតប្រជែងចំណេះដឹងជាលក្ខណៈអន្តរជាតិបាន ប្រកបដោយភាពជោគជ័យ»។
កម្មវិធីសាលាជំនាន់ថ្មីមានភាពខុសគ្នា ពីកម្មវិធីដែលសាលាចំណេះដឹងទូទៅនានាកំពុងអនុវត្ត មួយចំនួនដូចជា ៖
– ការសិក្សា មាន២ពេល ក្នុង១ថ្ងៃ (៧ម៉ោង) ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍
– សិស្ស ក្នុង១ថ្នាក់ត្រូវបានកំណត់ ចន្លោះ ពី៣០-៣៥នាក់
– មានសម្ភារឧបទេសគ្រប់គ្រាន់ ក្នុងការរៀន និងបង្រៀន
– មានកម្មវិធីសិក្សា ភាសាបរទេស និងកុំព្យូទ័រ ជាដើម ។
សម្រាប់ ឆ្នាំសិក្សា ២០១៧-២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមអនុវត្តកម្មវិធីនេះ នៅសាលាគោលដៅចំនួន៣ ដែលរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ (ក្រុងភ្នំពេញ) សាលាបឋមសិក្សាអង្គរបាន (ខេត្តកំពង់ចាម) និងសាលាបឋមសម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (ឧដុង្គ ខេត្តកំពង់ស្ពឺ)។
បន្ទាប់ពីសាលាទាំង៣ខាងលើ នៅពេលខាងមុខ ក្រសួងក៏គ្រោងនឹងបញ្ចូលកម្មវិធីនេះ ទៅតាមបណ្តាសាលានានា នៅទូទាំងប្រទេសផងដែរ។
បើតាមលោក សំអេលីត បញ្ជាក់ថា បច្ចុប្បន្នដំណើរការកម្មវិធីសាលាជំនាន់ថ្មី នៅសាលារបស់លោក មិនទាន់បានពេញលេញនៅឡើយទេ តែវានឹងដំណើរការពេញលេញ នៅឆ្នាំសិក្សា២០១៨-២០១៩។
សាលាជំនាន់ថ្មី គឺជាឈ្មោះកម្មវិធីសិក្សាថ្មីមួយ ដែលត្រូវបានបង្កើតឡើងដំបូងនៅកម្ពុជា ដោយអង្គការសកម្មភាពសម្រាប់បឋមសិក្សា នៅ កម្ពុជា។ កម្មវិធីនេះ ត្រូវបានអង្គការកំពុងអនុវត្ត នៅសាលាប្រហែល១០ នៅកម្ពុជា៕