
ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ជាងធ្វើផ្ទះម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែបុរសវ័យចំណាស់ជាជាងផ្ទះខាងលើ បានលើកទរត្រងទឹកធ្វើពីសង្ហសី ហើយលើកយកទៅដាក់លើដំបូលផ្ទះ ហើយចៃដន្យលើកទៅប៉ះជាមួយខ្សែរកាប្លិ៍ស្រាត បណ្តាលអោយឆ្លងចរន្តភ្លើង ឆក់ធ្លាក់ពីលើផ្ទះទើបតែសាងសង់ថ្មី កំពស់០៦ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ប៉ុន តូច ភេទស្រី អាយុ៣៥ឆ្នាំមុខរបរលក់ដូរ រស់នៅក្នុងភូមិជន្លុងម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានឈ្មោះឡុង ឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅក្នុងភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានទៅធ្វើផ្ទះអោយឈ្មោះ ប៉ុន តូច ខាងលើ ហើយពេលកំពុងតែធ្វើការងារជាងផ្ទះនោះ បុរសរងគ្រោះបានលើកទរទឹកដែលធ្វើអំពីស័ង្ហសី ដើម្បីលើកដាក់នៅលើផ្ទះម្នាក់ឯង ស្រាប់តែពេលកំពុងតែលើកនោះ ក៏លើកទៅប៉ះខ្សែរភ្លើង (ខ្សែរកាប្លិ៍ស្រាតធំ) ដែលគេដាក់តាមបង្គោលនៅមុខផ្ទះ បណ្តាលអោយឆក់ធ្លាក់មកដល់ដី កំពស់០៦ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ក្រុមជាង និងម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន។ នគរបាលបានធ្វើការចុះពិនិត្យផងដែរ។
ក្រោយពីពិនិត្យ និងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ សាកសពខាងលើ គឺស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន មិនមានពាក់ពន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយមកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន