
ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន បានសហការជាមួយនឹងជំនាញនគរបាលចរាចរណ៍ខេត្ត ចុះប្រតិបត្ដិការបង្រ្កាបក្រុមក្មេងទំនើង ដែលជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស ដែលមានសម្លេងបំពងខ្លាំង បង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្រុងច្បារមន និងស្រុកសំរោងទងជាប្រចាំ ហើយជាលទ្ធផល គឺឃាត់បានម៉ូតូចំនួន០២គ្រឿង។
តាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា ក្រុមជិះម៉ូតូរំខាននោះ ទី០១មានឈ្មោះ ជា វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី០២ឃាត់បានម៉ូតូ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅលាយខៀវ គ្មានស្លាកលេខនោះទេ បើកបរដោយឈ្មោះ ណាំ សុខនី ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិបែកជាំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានបំពាក់ស៊ីមាំងឮខ្លាំងៗតែម្តង។
បន្ទាប់ពីធ្វើការឃាត់បានក្រុមជនបំពុលសង្គមទាំង០២នាក់ខាងលើនេះ សមត្ថកិច្ចបានហៅអាណាព្យាបាលមកធ្វើការធានា ធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ ហើយឲ្យដោះដូរស៊ីម៉ាំងបំពងសំលេងខ្លាំងចេញ ដាក់របស់ដើមត្រឹមត្រូវ ចូលដូចដើមវិញ។
ជាចុងក្រោយសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវ សូមអោយយុវជនទាំងឡាយនាំគ្នាគោរពច្បាប់ និងសីលធម៌សង្គមអោយបានគ្រប់ៗគ្នាផង កូនល្អ សិស្សល្អ ពលរដ្ឋល្អ សង្គមទទួលស្គាល់៕ អ៊ុ ណូន