
ខេត្តឧត្តរមានជ័យ ៖ សាកសពសត្វទន្សោងព្រៃមួយក្បាល ដោយស្លាប់ប្រហែលជាងមួយសប្ផាហ៍កន្លងមកហើយ ដែលមន្រ្តីសង្ឃ និងក្រុមអ្នកអភិរក្ស បានប្រទះឃើញនៅក្បែរវាលស្រែប្រជាពលរដ្ឋ ហើយក៏ស្ថិតនៅជិត ទីជម្រកសត្វដ៏កម្រនេះ ស្ថិតនៅក្នុងដែនជម្រកសហគមន៍សង្ឃរុក្ខាវ័ន្ត កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។
មន្រ្តីសង្ឃ និងក្រុមអភិរក្ស ប្រចាំការយាមល្បាតដែលដឹកនាំដោយ ព្រះអង្គ ប៊ុន សាលួត ព្រះមេគុណខេត្តឧត្តរមានជ័យ និងនាយកដែនជម្រកសហគមន៍សង្ឃរុក្ខវន័។ បន្ទាប់ពីមានសេចក្តីរាយណ៍ពីអ្នកភូមិ និងម្ចាស់ស្រែ បានអោយដឹងថា មានបានលបលួចដាក់អន្ទាក់ចាប់សត្វព្រៃ។
ក្រុមអភិរក្សបានរាយការណ៍អោយដឹងថា ការត្រួតពិនិត្យឃើញថា សត្វទន្សោងញុី១ក្បាលខាងលើដែលមានទម្ងន់ប្រហែលជាង ៤០០គីឡូក្រាម បានស្លាប់ដោយការឆក់អោយសន្លប់ និងបាញ់សម្លាប់ ព្រោះនៅក្បែរបរិវេណសាកសពសត្វ និងនៅក្បែរ វាលស្រែប្រជាពលរដ្ឋ មន្រ្តីអភិរក្ស បានរកឃើញខ្សែលួសឆក់១ដុំ ដែលរាយស្កាត់ផ្លូវក្បែរវាលស្រែរបស់អ្នកភូមិ។
ដោយមានការសោកស្តាយសត្វដ៏កម្រនេះ ព្រះអង្គ ប៊ុន សាលួត ព្រះមេគុណខេត្ត និងជានាយកដែនជម្រកសហគន៍សង្ឃរុក្ខាវ័ន្ត បានដឹកនាំព្រះសង្ឃ និងក្រុមអភិរក្ស ទៅរៀបចំធ្វើពិធីបង្សុកូលចំពោះវិញ្ញាណក្ខនសត្វទន្សោងទៅកាន់សុគតិភព ទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕