
ខេត្ដពោធិ៍សាត់ ៖ ដោយសាររដូវវស្សានេះមានការហូរច្រោះខូចផ្លូវ និងលិចលង់ដំណាំស្រូវ របស់ប្រជាកសិករជាង៤០០ហិកតា ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត ក្នុងនាមជាអាជ្ញាធរដែនដី សូមជួយលើកផ្លូវបន្ថែម ស្ថាបនាស្ពាន ទ្វារទឹក ស្តារប្រឡាយ… ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ និងមេឃុំ, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅតាមប្រព័ន្ធធារាសាស្ត្រ ត្រង់ចំណុចទំនប់បង្ហៀរអន្លង់ស្វាយ ក្នុងឃុំរំលេច និងចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ទាក់ទងទៅនឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងនីមួយៗ ឯកឧត្តម ម៉ៅ ធនិន បានយល់ព្រមទទួលយក ហើយបានដាក់ផែនការឲ្យមន្ទីរជំនាញចុះសិក្សាឲ្យបានឆាប់រហ័សនៅរដូវប្រាំងខាងមុខ ក្រោយសិក្សាចប់នឹងចាប់ដំណើរការអនុវត្តជូន។ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបដិភាគទាំងកម្លាំងកាយ មធ្យោបាយ និងថវិកា ទើបដំណើរការទៅដោយរលូន និងថែរក្សាបានប្រើប្រាស់យូរអង្វែង។
ប្រជាពលរដ្ឋបានសម្តែងនូវការគោរពដឹងគុណចំពោះ ឯកឧត្តម ម៉ៅ ធនិន ដែលមានទេពកោសល្យខ្ពស់ ក្នុងការសម្របសម្រួល និងធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានសន្យាថានឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជារៀងរហូត។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានដាំដើមឈើចម្រុះចំនួន៣៥០ដើម បន្ថែមលើដើមឈើដែលដាំរួចចំនួន២ពាន់ដើម នៅជាប់ដងផ្លូវប្រព័ន្ធធារាសាស្ត្របឹងកន្សែង ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន និងប្រគល់ថវិកា ឧបត្ថម្ភតុសិស្ស តុគ្រូ និងកៅអីគ្រូ នៅវិទ្យាល័យបាកាន បានប្រើប្រាស់តាមតម្រូវការផងដែរ៕