
ខេត្តកំពង់ឆ្នាំង ៖ សពក្មេងស្រី២នាក់ ត្រូវបានជនមិនស្គាល់មុខវាយសម្លាប់ រួចញាត់ចូលកេះឈើ ទុកចោលលើផ្ទះក្មេងរងគ្រោះ បណ្តាលអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍។
យោងតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានអោយដឹងជាជំហានដំបូងថា ក្មេងស្រីទាំង២នាក់ ម្នាក់ឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ៧ឆ្នាំ ទាំង២នាក់មានឪពុកឈ្មោះ ប្រាក់ ជា អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ៣៤ឆ្នាំ។ ប្រភពដដែលបានបន្តថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅភ្នំពេញ ចំណែកឪពុកចេញទៅធ្វើការនៅប្រទេសថៃកាលពី៣ ៤ថ្ងៃ មុនពេលកើតហេតុ ដោយទុកកូននៅតែ២នាក់ តែបានផ្ញើរមីង មា នៅជិតខាង អោយជួយមើល។
ប្រភពបន្ដថា ករណីឃាតកម្មខាងលើ មិនបានដឹងថាកើតឡើងពីពេលណាទេ តែបានសង្ស័យថាកើតឡើងតាំងពីយប់ ថ្ងៃទី១៧ ខែតុលាមកម្លេះ ដោយមិនមាននរណាដឹងឡើយ។ លុះព្រឹកឡើងក៏គ្មានចាប់អារម្មណ៍ដែរ ប៉ុន្តែរហូតដល់ម៉ោងជាង១១ថ្ងៃត្រង់ ឪពុកមារបស់ក្មេងស្រីទាំង២នាក់ ឈ្មោះ ភី វុទ្ឋី បាត់ក្មួយមិនឃើញ កើតសង្ស័យក៍តាមរក ហើយពេលឡើងលើផ្ទះមិនឃើញ ក៍បើកហិបមើល ស្រាប់តែប្រទះឃើញក្មេងរងគ្រោះទាំងពីនាក់ ស្លាប់ក្នុងហិបយ៉ាងអាណោចអាធម៌។
ជាជំហ៊ានដំបូងសមត្ថកិច្ចដាក់ការសង្ស័យ ថាជាករណីរំលោភ ហើយសម្លាប់បំបិទមាត់។ ពេលនេះសមត្ថកិច្ចកំពង់ញាប់ដៃញាប់ជើង ស្រាវជ្រាវក្នុងករណីនេះ។
សូមបញ្ជាក់ថារហូតដល់ម៉ោង៤រសៀល ថ្ងៃទី18 ខែតុលានេះ សមត្ថកិច្ចនៅមិនទាន់ពិនិត្យ ធ្វើកោសល្យវិច័យលើសពក្មេងស្រីរងគ្រោះនៅឡើយទេ ដោយរង់ចាំខាងនាយកដ្ឋានក្រសួងមហាផ្ទៃ។ ចំណែកឯនៅបរិវេណជុំវិញមុខផ្ទះជនរងគ្រោះ មានប្រជាពលរដ្ឋមកចោមរោមមើលយ៉ាងច្រើនកុះករ និងមានអ្នកចូលរួមចាប់មគ្គផលចូលបុណ្យជាច្រើនទៀតផង៕ ពៅ សុខហ៊ាន