
ខេត្តកំពង់ស្ពឺ៖ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «វីងស្តារស៊ូរ» ដែលស្ថិតនៅផ្លូវជាតិលេខ៣ក្នុង ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ជាង១០០នាក់ហើយ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា រោងចក្រនេះមានកម្មករ-កម្មការិនីសរុបប្រមាណ ១០,០០០នាក់ ដែលធ្វើការងាររាល់ថ្ងៃនេះ។ លោកបានបន្ថែមទៀតថា មូលហេតុកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនោះ គឺក្រុមហ៊ុនបានរើសកម្មករថ្មី ចូលធ្វើការងារក្នុងអគារថ្មី (អគារ E-F) ហើយរើសចំស្ត្រីម្នាក់មានអក្ការៈមានជម្ងឺឆ្កួតជ្រូក នឹងបានប្រកាច់ពីម្សិលម៉ិញរួចម្តងហើយ ប៉ុន្តែប្រធានក្រុមមិនបានរាយការណ៍ជូនរដ្ឋបាលក្រុមហ៊ុនឡើយ ទើបតែនៅព្រឹកនេះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្មការិនី ម្នាក់នោះក៏មានអក្ការៈនេះម្តងទៀត ដោយប្រកាច់វង្វេងវង្វាន់ស្រែកឡូឡា ធ្វើឲ្យមានកម្មការិនីមួយចំនួននៅជិតៗនោះភ័យខ្លាច ហើយក៏សន្លប់តៗគ្នាតែម្តងទៅ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ រហូតមកដល់ល្ងាចនេះបានធូរស្បើយអស់ហើយ៕ អ៊ុ ណូន