
ខេត្តព្រះសីហនុ៖ កោះរ៉ុងជាកោះធម្មជាតិ ដែលមានទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានទេសភាពមានសោភ័ណ្ឌភាពស្រស់ស្អាតប្លែក បើប្រៀបធៀបនឹងកោះមួយចំនួនទៀត នៅលើទឹកដីមូលដ្ឋានខេត្តព្រះសីហនុ។
ឯកសារខ្លះបានបង្ហាញថាកោះរ៉ុង ក៏ត្រូវបានគេចាត់ទុក ជាកោះមានឆ្នេរខ្សាច់ស្រស់ស្អាត បំផុតនៅឥណ្ឌូចិនថែមទៀតផង។
តាមឯកសារមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា កោះរ៉ុងជាកោះមួយមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ មានផ្ទៃដីគ្របដណ្តប់ ៧៨គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ១៥គីឡូម៉ែត្រ ទទឹងប្រមាណ ៩គីឡូម៉ែត្រ និងមានចំណុចខ្ពស់បំផុត របស់កោះមានកម្ពស់ ១៣៣ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។
ប្រសិនបើធ្វើដំណើរពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅកាន់កោះរ៉ុងតាមមធ្យោបាយអូប័រ ឬទូកល្បឿនលឿន អាចត្រូវប្រើពេលប្រមាណពី ២០ ទៅ៣០នាទី នឹងបានទៅដល់កោះរ៉ុងជាមិនខាន៕