
ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីមេឆ្នោតដែលជាមេតូចតាចម្នាក់ ត្រូវកំលាំងនគរបាលក្រុងច្បារមន ធ្វើការបង្រ្កាបជាក់ស្ដែង និងដកហូតបានភស្ដុតាងមួយចំនួនផងដែរ ខណៈដែលមេកន្ទុយលេខធំៗជាច្រើន ក្នុងក្រុងច្បារមនមិនហ៊ានបង្ក្រាបឡើយ សង្ស័យអស់លោកមើលមិនឃើញ។
ការឃាត់មេឆ្នោតនេះ ធ្វើអោយមហាជននាំគ្នារិះគន់ទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ ដោយអ្នកខ្លះលើកឡើងថា ចាប់បានតែគ្នាតូចតាច មេធំប្រចាំក្រុងច្បារមនជាសមត្ថកិច្ចដែរនោះ មិនដែលឃើញបង្ក្រាបម្តងណាឡើយ (ឈ្មោះ អ៊ុង រិទ្ធី)។
បើទោះជាមានការរិះគន់បែបនេះក្តី សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាការអនុវត្ដគោលនយោបាយ ចលនាភូមិ-ឃុំមានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះមកនោះ។
ការចាប់មេឆ្នោតនោះធ្វើឡើង កាលពីវេលាម៉ោង០២ និង៤០នាទី ថ្ងៃទី២២ ខែតុលា ២០១៨ នៅចំណុចជាប់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា មេឆ្នោតកំបុិកកំប៉ុកដែលឃាត់មានឈ្មោះ ញ៉ីល ស្រីម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកត់លេខឆ្នោត មានទីលំនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពមន្ត្រីនគរបាលបានប្រាប់ផងដែរថា ការឃាត់ស្ត្រីមេឆ្នោតនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួច ហៀង អធិការនគរបាលក្រុងច្បារមន សហការជាមួយជំនាញពាក់ព័ន្ធ ចុះបង្រ្កាបអ្នកកត់កន្ទុយលេខ (កូនកញ្ចេងកត់ឆ្នោតខុសច្បាប់) នៅចំណុចខាងលើ សង្ស័យមិនបង់លុយអោយលោកអធិការនគរបាលក្រុងហើយមើលទៅ។
ប្រភពបន្តថា មេឆ្នោតនេះត្រូវបានសមត្ថកិច្ចអះអាងថា បានធ្វើសកម្មភាពជាក់ស្ដែងកត់កន្ទុយលេខ ដែលច្បាប់ហាមឃាត់ប្រឆាំងគោលការណ៍ភូមិឃុំសុវត្ថិភាពទៀតផង។ ក្នុងប្រតិបត្តិការដ៏ស្រួចស្រាវ កំលាំងដកហូតភស្តុតាងបានរួមមាន ក្រដាសរ៉ាមកត់ឆ្នោតសរសេរដោយដៃ ចំនួន២សន្លឹក មានលេខឆ្នោត (២ខ្ទង់ និង៣ខ្ទង់) លុយខ្មែរចំនួន២៤៣០០រៀល និងសម្ភារៈបំរើឲ្យការកត់ឆ្នោតមួយចំនួន។
បច្ចុប្បន្នមុខសញ្ញាកត់លេខឆ្នោតខុសច្បាប់ ជំនាញក្រុងច្បារមន បានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធីហើយ។
បើទោះជាបែបនេះក្តី ការបង្ក្រាបមេឆ្នោតនេះក៏រងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនដោយម្នាក់ៗលើកឡើងថា សមត្ថកិច្ចហាក់បីដូចជាលម្អៀងពេកហើយ ចាប់បានតែគ្នាអ្នកតូចតាចអត់ខ្សែ អត់ខ្នង ចំណែកមេឆ្នោតធំៗប្រចាំក្រុងច្បារមន ដែលសុទ្ឋតែមន្ត្រីប៉េអឹមវិញ មិនដែលឃើញអស់លោកបង្រ្កាបនោះទេ សង្ស័យមេកន្ទុយលេខធំៗនោះយកលុយចងដៃជាប់ផង។ នៅក្រុងច្បារមនទាំងមូលអ្នកណាក៏ដឹងដែរថា អ៊ុ រិទ្ធី (ហៅ ធី) ប៉េអឹម ជាមេធំប្រចាំក្រុងច្បារមនដែរ ហេតុអ្វីមិនបង្ក្រាបផង ឬមួយខ្លាចអំណាចគាត់ជាប៉េអឹម? ការដែលសមត្ថកិច្ចបង្ក្រាបនេះ មហាជនដាក់ការសង្ស័យថា ទំនងជាស្ត្រីមេឆ្នោតម្នាក់នេះ មិនមែនកត់អោយធីប៉េអឹមទេដឹង ទើបមិនមានវាសនាល្អដូចអ្នកផ្សេង?
ពាក់ព័ន្ឋនឹងការលើកឡើងខាងលើ មន្ត្រីនគរបាលជាន់ខ្ពស់ការិយាល័យព្រហ្មកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមួយរូប បានព្រលយពាក្យថា “បើសិនអ្នកកាសែតជាលោកវិញ ក៏និយាយមិនចេញដូចគ្នាពាក់ព័ន្ឋរឿង ធីមេឆ្នោតនឹង លោកក៏មិនយល់ដែរថាក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ មិនដឹងថាតើគេគិតបែបណានោះទេ បានជាយកខ្លួនទៅពាក់ព័ន្ឋល្បែងបែបនេះ? រឿងនេះបើចង់ដឹងច្បាស់ទាល់តែសួរលោក ជូ សារុន ជាមេរបស់គេថាហេតុអ្វីមិនបង្ក្រាប?”។
សូមបញ្ជាក់ថា មេឆ្នោតធីប៉េអឹមនេះ ធ្លាប់បាននិយាយជាមួយអ្នកយកពត៌មានយើងថា “បើបងបងកាសែតត្រូវការលុយបាយ លុយសាំង ឬរវល់រឿងអ្វីមួយសូមតេរកគាត់ ហើយគាត់នឹងជួយ សូមតែកុំយករឿងឆ្នោតរបស់គ្រួសារគាត់ទៅផ្សាយបានហើយ ខ្លាចប៉ះពាល់កិត្តិយសលោកជាប៉េអឹម ហើយកន្លងមកធ្លាប់ថ្នាក់លើហៅទៅធ្វើកិច្ចសន្យាបន្លំៗលេង ថាឈប់រកស៊ីហើយ”៕ អ៊ុ ណូន