
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម នៅពេលដែលជនរងគ្រោះកាន់ឌុយភ្លើងដោតចូលព្រី បំណងសាកបញ្ជូលភ្លើងអាគុយ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១៥នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញាស់ រុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ។
លោកអធិការនគរបាលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏បានសហការចុះដល់កន្លែងផ្ទះជនរងគ្រោះដើម្បីស្រាវជ្រាវ។ជាលទ្ធផលគឺជនរងគ្រោះ បានកាន់ឌុយដោតចូលព្រី ដើម្បីបញ្ចូលភ្លើងអាគុយ ប៉ុន្តែជាអកុសលឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ពិតមែន គឺ ដោយសារខ្សែភ្លើងឌុយនោះ មានមុខតំណរដែលមិនបានរុំការពារ៕