
ខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទដឹកឥវ៉ាន់ (ផលិតនៅប្រទេសកូរ៉េ) មួយគ្រឿង ត្រូវបានក្រុមចោរធ្វើសកម្មភាពកាត់របងដែក និងបំពុលសត្វឆ្កែបណ្តាលអោយងាប់ចំនួន០៣ក្បាល រួចធ្វើសកម្មភាពលួចយកទៅបាត់ គេចខ្លួនដោយសុវត្ថិភាព ខណៈដែលលោក អ៊ុ ចំរើន ជាអធិការនគរបាលស្រុកបសេដ្ឋទើបឡើងកាន់តំណែងមិនទាន់បានមួយខែផង ក្រុមចោរចង់សាកល្បងកម្លាំងទៅហើយ។
ហេតុការណ៍ក្រុមចោរលួចយករថយន្ត ចង់សាកកម្លាំងជាមួយអធិការស្រុកបសេដ្ឋថ្មីរូបនោះ កើតឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ប្រេងមួយកន្លែង ក្នុងភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបេសដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា មានករណីលួចមានស្ថានទំងន់ទោស គឺក្រុមចោរបំពុលឆ្កែងាប់៣ក្បាល (លួចរថយន្តគេចខ្លួនបាត់) បង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ បានធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន០៣ក្បាល កាត់រនាំងដែកដែលបិតបាំងការាស់សាំង (ស្ថានីយ៍ប្រេង) ចូលលួចយករថយន្ត១គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌ស លេខម៉ាសុីន ០០៩២៥៨ លេខតួ២៥០០៩២ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ដែលជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ សៀក ប្រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាថៅកែស្ថានីយ៍ប្រេងខាងលើ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចាក់សោទុកនៅក្នុងការ៉ាស់សាំង ស្ថិតនៅចំណុចគីទ្បូម៉ែត្រ៦០ ផ្លូវជាតិលេខ៣។ ក្រុមចោរបានយករថយន្ដរួច រត់គេចខ្លួនបាត់ស្រមោល។
ប្រជាពលរដ្ឋបាននិយាយថា ក្រុមចោរបំពុលសត្វឆ្កែលួចយករថយន្តនេះ សង្ស័យចង់សាកកម្លាំង និងស្វាគមន៍ជាមួយលោក អ៊ុ ចំរើន ដែលជាអធិការនគរបាលស្រុកបសេដ្ឋ ទើបតែឡើងមកកាន់តំណែងថ្មីៗមិនទាន់បានមួយខែផងនោះ។ កាលពីជំនាន់លោកអធិការនគរបាលស្រុកបសេដ្ឋចាស់ មិនសូវមានបទល្មើសកើតឡើងនោះទេ គ្រាន់តែលោក អ៊ុ ចំរើន ទើបនឹងឡើងកាន់តំណែងមិនទាន់បានមួយខែផងមា នក្រុមចោរលួចយករថយន្តបានមួយគ្រឿង រត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពទៅហើយ។
លោក អ៊ុ ចំរើន អធិការនគរបាលស្រុក បានត្រឹមតែធ្វើកំណត់ហេតុ និងកំពុងតែធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបន្តតែប៉ុណ្ណោះ៕ អ៊ុ ណូន