
ខេត្តកំពង់ឆ្នាំង ៖ ស្ពានបេឡេមួយកន្លែង ដែលគេសាងសង់បណ្ដោះអាសន្នជាស្ពានថ្មី បានបាក់ទាំងស្រុង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិជីប្រងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារតែរថយន្តដឹកពោតលើសចំណុះមួយគ្រឿង បើកឆ្លងកាត់។
ក្រុមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កខាងលើ បានដឹកពោតក្នុងដំណើរពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបាក់ស្ពានបេឡេ ដែលគេសាងសង់បណ្ដោះអាសន្ន សម្រាប់ឲ្យធ្វើដំណើរ ដោយសារស្ពានចាស់នៅទីនោះ ក្រសួងសាធារណការកំពុងតែរុះរើនិងសាងសង់ស្ពានថ្មី។
ប្រភពដដែលបានបន្តថា រថយន្តបង្ករពាក់ស្លាកលេខ ភ្នំពេញ 3B-9203 ដែលគេបានដឹងថាម្ចាស់ពោតដឹក តាមរថយន្តខាងលើ មានឈ្មោះ ឆន ចិន្ដា អាយុ38ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើ មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទេ ដោយបានអះអាងថាការធានាជួសជុលស្ពាននោះឡើងវិញ ហើយក៏បានទាក់ទងខាងមន្ទីរសាធារណការដោយខ្លួនឯង។ ក្រោយពីអូសរថយន្តរួចរាល់ហើយ ក៏បានបន្តដំណើរទៅមុខទៀត។
ដោយឡែកប្រភពក្រៅផ្លូវការមួយទៀតបានឲ្យដឹងថា ករណីនេះសង្ស័យថារថយន្តបង្កមិនមែនដឹកពោតទេ តែជារថយន្ដដឹកឈើ៕