
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវថ្មីវាងក្រុង ត្រង់ចំណុចភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយរឺឡូកិនផ្លូវមួយ បានកិនកម្មករធ្វើផ្លូវ បណ្ដាលឲ្យបែកខ្លួនដេកស្លាប់យ៉ាងអាណោចអាធ៌ម។
បើតាមប្រភពបានឲ្យដឹងថា ដំបូងមានរឺឡូកិនផ្លូវមួយគ្រឿង ម៉ាក Volvo ពណ៌លឿង អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (គេចខ្លួនបាត់) បើកធ្វើផ្លូវវៀងក្រុង ក្នុងទិសដៅពីលិច ទៅកើត លុះដល់កន្លែងកើតហេតុ តៃកុងបានចុះបត់ជើងតូច ស្របពេលនោះដែរ មានកម្មករម្នាក់ដែលជាអ្នកដើររើសកំទិចកំទីឈើ ឈ្មោះ វ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ដោយសារមេឃក្តៅ ឃើញរឺឡូឈប់ក៏មកអង្គុយផ្អែកនឹងកង់រឺឡូ។ ចៃដន្យពេលតាកុងត្រលប់ពីបត់ជើងតូចវិញ មិនចាប់អារម្មណ៍ក៏បើកទៅមុខទៀត ក៏កិនជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ គឺស្លាប់ស្ដ្រីរងគ្រោះខាងលើម្នាក់ និងមិនមានខូចខាតទ្រព្យសម្បត្ដិអ្វីនោះទេ។ ហើយចំពោះមូលហេតុ គឺដោយសារកម្មករអង្គុយខ្វះការប្រុងប្រយ័ត្ន និងតៃកុងបើកបរមកមើលមុខក្រោយ។ ក្រោយការកើតហេតុ នគរបាលបានរឺឡូកិនផ្លូវ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី រងចាំតឺកុងចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់៕ នុប រក្សា