
ក្រុងប៉ោយប៉ែត ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យ បានបោកបក់យ៉ាងខ្លាំង បង្កឲ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាប បណ្តាលឲ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរ ខេត្តសៀមរាប ប៉ះពាល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ម៉ឺនគ្រួសារ។ ខ្យល់កន្រ្តាក់នោះបានបង្កឲ្យប្រជាពលរដ្ឋរងរបួស និងខូចខាតលំនៅឋានមួយចំនួនផងដែរ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រធានអគ្គិសនីសាខាខេត្តបន្ទាយមានជ័យ លោក ជីវ ណារិន ប្រាប់ឲ្យដឹងថា ខ្យល់កន្រា្តក់ខាងលើ បង្កឲ្យបង្គោលភ្លើង១ដើមដួលទ្រេត ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៦ ដោយបង្គោលភ្លើងនោះ គឺតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តបាត់ដំបង សម្រាប់ផ្គត់ភ្លើងនៅខេត្តសៀមរាប។ ការដួលទ្រេតបង្គោលភ្លើងនោះផងដែរ បានរងការដាច់ចរន្តអគ្គិសនីនៅខេត្តសៀមរាប ប្រមាណ៥ ទៅ៦ម៉ោង ចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបភ្លើងអគ្គិសនីបានដំណើរការឡើងវិញ បន្ទាប់ពីក្រុមការងារអគ្គិសនីខេត្ តបានប្រឹងប្រែងទៅជួសជុលបង្គោលភ្លើងនៅចំណុចនោះឡើងវិញ។
ជុំវិញបញ្ហាខ្យល់កន្រា្តក់នេះ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ខ្យល់កន្តា្រក់បានបង្កឲ្យដួលរលំផ្ទះ សង្កត់ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ យ៉ាំង សេត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រងរបួសស្រាល និងបានបង្កឲ្យផ្ទះប្រជាពលរដ្ឋ៤ខ្នង រងការខូចខាតធ្ងន់ និងស្រាល។
ក្រោយកើតហេតុគេឃើញកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំដោយអធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ មាស រិទ្ធី បានទៅជួយអន្តរាគមន៍ ចុះជួយរុះរើ និងជួសជុល កសាងផ្ទះពលរដ្ឋរងគ្រោះឡើងវិញ។ ដោយឡែកសម្រាប់ពលរដ្ឋរងរបួសម្នាក់ កំពុងសម្រាកព្យាបាលមុខរបួស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះផងដែរ៕ វណ្ណា