
ខេត្ដតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ បានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំង ផ្សេងគ្នាក្នុងនោះ៖
– ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ឃាត់ខ្លួនជនជាតិចិន ចំនួន៦៣នាក់ ស្រី០៧នាក់។
– ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)។
– ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់។
– ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៩០នាក់ ស្រី០៥នាក់។សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។
បច្ចុប្បន្នជនជាតិចិនទាំងអស់នោះ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ បានប្រគល់ជូនកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅក្រសួងមហាផ្ទៃ៕
ប្រភព៖ នគរបាលជាតិ