
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីមនុស្សចាស់ដែលមានបទពិសោធន៍ ឲ្យពួកទទួលបាន ពិសេសយុវជនក៍ត្រូវចេះដឹកនាំប្រកបដោយសមូហភាព ដើម្បីទទួលបានជោគជ័យ។ ការស្នើនេះត្រូវបានធ្វើឡើង នៅក្នុងពិធីបិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី២៧ ខែ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ពិសេស ស.ស.យ.ក ត្រូវរៀនសូត្រដឹកនាំ តាមបែបសមូហភាព ដើម្បីការដឹកនាំទទួលបានជោគជ័យ។ សមូហភាពក្នុងការដឹកនាំនោះហើយ ដែលធ្វើឲ្យមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងល្អ មិនឲ្យមានការបែកបាក់ ការប្រេះឆា និងមានការឯកភាពគ្នា យ៉ាងមានប្រសិទ្ធភាព។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ «នោះហើយដែលខ្ញុំចង្អុលបង្ហាញអំពីរបៀបសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវដោយឡែក។ ចំណុចនេះមានសារៈសំខាន់ណាស់ ហើយ សូមឲ្យអ្នកទាំងអស់គ្នានៅក្នុងសន្និបាត មិនត្រឹមតែក្របខណ្ឌនៃយុវជន ប៉ុន្តែក្នុងក្របខណ្ឌដទៃទៀត យកទៅប្រើប្រាស់វិធីសាស្ត្រនេះ គឺគ្មានទេរបស់ដែល ហៅថាបែកបាក់ រឺការប្រេះឆា រឺទំនាស់នោះ។ ព្រោះនេះជាគោលការណ៍ដែលធានាត្រឹមត្រូវបំផុតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៃអង្គការចាត់តាំងមួយ។ ជាបក្សនយោបាយក្តី ជាអង្គការក្រៅរដ្ឋាភិបាលក្តី បើយកគោលការណ៍នេះទៅ ប្រើ គ្មានទេរបស់ដែលហៅថា ការបែកបាក់ រឺថ្នាំងថ្នាក់ណាមួយកើតឡើង។ ហើយបើមានកត្តាចៃដន្យនឹងមានការប្រជុំ។»
សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ពីសមត្ថភាព និងទេពកោសល្យរបស់ យុវជនសម័យបច្ចុប្បន្ន ដែលមានចំណេះដឹងខ្ពង់ខ្ពស់។ ប៉ុន្តែសម្តេចបានណែនាំឲ្យយុវជន ត្រូវចេះសិក្សារៀនសូត្រពីមនុស្សចាស់ ដែលធ្លាប់មានបទពិសោធន៍ជាច្រើន កុំតាំងខ្លួនជាអ្នកចេះជ្រុល មិនទទួលយកគំនិត និងបទពិសោធន៍របស់មនុស្សចាស់។
នៅក្នុងកម្មវិធីដដែល សម្ដេចក៏បានបន្ដទៀតថា «ពិតហើយជំនាន់ក្រោយមានឱកាសល្អណាស់ ហើយមានសមត្ថកភាពខ្លាំងណាស់ បើធៀបជាមួយយុវជនជំនាន់មុន ប៉ុន្តែសូមយុវជនទាំងឡាយចាំឲ្យបានថា ក្មួយៗ កូនៗ ចៅៗ មិនទាន់បានធ្វើរឿងមួយទេ គឺមិនទាន់ឆ្លងកាត់ភាពចាស់ទុំនៅឡើយ (…) អ្នកដែលមានវ័យចំណាស់ គេមិនកើតឡើងសម្រាប់តែចាស់នោះទេ ដែលធ្លាប់ឆ្លងកាត់ ដូច្នោះបទពិសោធន៍ខុស រឺត្រូវរបស់អ្នកជំនាន់មុនក្មួយ ត្រូវរៀនសូត្រ ហើយភារកិច្ចរបស់ចាស់ គឺរក្សាទុក និងផ្ទេរចំណេះដឹងបទពិសោធន៍ទាំងល្អ និងអាក្រក់ សម្រាប់យុវជនជំនាន់ក្រោយដែរ។»
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់យុវជនទាំងអស់ដែរថា ភាពជោគជ័យ រឺលទ្ធផលមិនអាចកើតមានឡើង ដោយគ្មានការបង់ថ្លៃ រឺបង់កម្លាំង និងកិច្ចខិតខំប្រឹងប្រែងនោះឡើយ។ មិនដូចទៅនឹងគណបក្សប្រឆាំងដែល ទន្ទឹងរង់ចាំការបរាជ័យលើការដឹកនាំរបស់សម្តេចនោះ គឺជារឿងដែលស្រមើ ស្រម៉ៃមួយ ដែលមិនអាចកើតឡើងប៉ុណ្ណោះ៕
អត្ថបទ៖ សំ វណ្ណា