
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង មុខសញ្ញាក្រុម ចោរលួច ឆក់ យ៉ាងសកម្ម និងអ្នកដែលទទួលផល សរុបទាំងអស់១១នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការបង្ហាញមុខជាសាធារណះ និងត្រូវបញ្ជូនទៅតុលាខេត្តស្វាយរៀង។
បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង, ឈ្មោះ ត្រា, ឈ្មោះ ចន្តា, និងបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន។
លោកបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមចោរលួចចោរឆក់ជាបន្តបន្ទាប់ រួមនឹងអ្នកទទួលទិញផលចោរកម្ម បាននៅវេលាម៉ោង២ និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំនួន១១នាក់។
ក្នុងការឃាត់ខ្លួនជនសង្ស័យនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកទទួលទិញផលចោរកម្មម្នាក់ មានឈ្មោះ អ៊ួ ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន ៖ ទូរស័ព្ទដៃចំនួន២៨គ្រឿង, ម៉ូតូចំនួន៧គ្រឿង, កាបូបចំនួន១ និងអាយផេត១គ្រឿង។
ចំពោះជនសង្ស័យជាមុខសញ្ញា និងអ្នកទទួលផលចោរកម្មព្រមទាំង១១នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់។
គួរបញ្ជាក់ផងដែរ ប៉ុន្មានថ្ងៃនេះនៅខេត្តស្វាយរៀង ក្រុងបាវិត មានករណីឆក់ការបូក ទូរស័ព្ទ កើតជាញឹកញាប់ណាស់ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋ ស្ទើមិនកាន់ក្របូកនឹងដៃ ព្រោះខ្លាចមានបញ្ហាគ្រោះថ្នាក់៕ ព្រហ្ម សាវ៉េត