
ខេត្តបន្ទាយមានជ័យ ៖ បងថ្លៃ និងប្អូនថ្លៃ បានទំនាស់ពាក្សសំដី ក្លាយជាអំពើហឹង្សាក្នុងគ្រួសារ ដោយវាយគ្នាទៅមក បណ្តាលឲ្យរងរបួសទាំង២នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នៃអំពើហឹង្សានេះ បានកើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩ និង០៥នាទីយប់ នៅភូមិអូរវែងត្បូងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាបងថ្លៃ និងម្នាក់ទៀតឈ្មោះ លី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជាប្អូនថ្លៃ ទាំង២នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា តាមសំដីរៀបរាប់ របស់ឈ្មោះ ចាន់ សុជាតា ត្រូវជាប្រពន្ធរបស់ឈ្មោះ លី សាលាភ បាននិយាយថា នៅមុនថ្ងៃកើតហេតុ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ បញ្ញា ត្រូវជាបងរបស់ខ្លួនមកពីដើរលេងបានទាញទ្វារចូលដេក ប៉ុន្តែរបូតកន្លះទ្វារចូលមិនកើត ក៏បានវាយស័ង្កសីចូល ប៉ុន្តែគ្មានបញ្ហាអីទេ។ លុះដល់យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះបញ្ញា ត្រូវជាបងបង្កើតនេះ ពេលមកពីដើរលេង បានយកម៉ែត្រឈើដែលមានប្រវែងប្រមាណជា១ម៉ែត្រជាង វាយស័ង្កសីទៀតបណ្តាលឲ្យខូចខាត។ ដោយអត់ទ្រាំមិនបាន ប្តីរបស់ខ្លួនឈ្មោះ លី សាលាភ បានចេញពីបន្ទប់ដេក ហើយកាន់ដំបងឈើទំហំប៉ុន កដៃ ប្រវែងម្រមានជា១ម៉ែត្រនិងនិយាយថា «អានេះថាមិនស្តាប់ អញវាយវាម្ដងមើល» ក្រោយពីនិយាយរួចក៏ស្ទុះទៅវាយបងរបស់ខ្លួន ឈ្មោះបញ្ញា បែកក្បាលចំនួន២កន្លែង លើក្បាលខាងស្ដាំ របួសចំនួន៧ថ្នេរ និងលើក្បាលខាងឆ្វេងចំនួន៥ថ្នេរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងបុរសជាប្តីរបស់ខ្លួនបែកលើក្បាលខាងស្ដាំ និងដាច់សសៃដៃខាងឆ្វេង បានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកកម្ពុជា-ជប៉ុន នៅមង្គលបូរី។ ស្រ្ដីជាប្រពន្ធក៏បានបញ្ជាក់ទៀតថា ឈ្មោះ បញ្ញា ជាបងប្រុសនេះ មានសតិមិនសូវល្អ ដោយសារពីមុនគាត់ធ្លាប់ប្រើប្រាស់ថ្នាំញៀននៅស្រុកថៃ ហើយពេលត្រឡប់មកស្រុកវិញ ដើរតែផឹកមិនធ្វើការងារទេ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ថា ដោយករណីនេះជាអំពើហឹង្សាដោយសហព័ទ្ធ រវាងបងថ្លៃ និងប្អូនថ្លៃ និងពុំមានការប្ដឹងផ្ដល់គ្នា សមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនអ្នកណានោះឡើយ ៕ មនោរៀ