
ខេត្តកំពង់ស្ពឺ៖ សិលាចារឹករបស់ខ្មែរដ៏មានតម្លៃមហាសាលមួយផ្ទាំង ដែលត្រូវបានកសាងឡើងនៅមុនសម័យមហានគរទៀតផងនោះ នៅ (សតវត្សរ៍ទី៧) មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ ព្រមប្រគល់ជូនអាជ្ញាធរដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។
សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំង ក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យថា«សុវណ្ណភូមិ»។ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចមកយករក្សាទុកនៅវត្តគិរីស្តេចគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងវត្ថុដ៏មានតម្លៃមហាសាលនេះ ដើមឡើយក៏បានបង្កជាការព្រួយបារម្ភខ្លាំងណាស់ដែរ សម្រាប់ជាតិកម្ពុជាទាំងមូល ពីព្រោះតែព្រះគ្រូចៅអធិការវត្តគិរីស្ដេចគង់ បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី (ក្នុងន័យដើម្បីថែរក្សាការពារសុវត្ថិភាពសិលាចារឹក) ព្រមទាំងកៀរគរប្រជាពុទ្ធបរិស័ទ មករារាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មិនឱ្យចុះរកសិលាចារឹកដែលបានលាក់នោះទៀតផង ក្រែងធ្លាក់ដល់ដៃជនខិលខូចមួយចំនួននោះ។
បើតាមសម្តីរបស់លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើរយកសិលាចារឹកពីវត្តគិរីស្ដេចគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិទេ ដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង។ ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូនអាជ្ញាធរសោះឡើយ ថែមទាំងយកសិលាចារឹកនោះទៅលាក់ទុកទៀត ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំង ពីសំណាក់មហាជន និងប្រជាជាតិខ្មែរទាំងមូល ចំពោះសុវត្ថិភាពសិលាចារឹករបស់ខ្មែរមួយផ្ទាំងនេះ។
ដោយសារមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត និងពីសំណាក់សម្ដេចព្រះសង្ឃនាយក នន់ ង៉ែត ជូនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង់ ផងនោះ ទើបនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ព្រះចៅអធិការវត្តគិរីស្ដេចគង់ ព្រមប្រគល់សិលាចារឹកជូនសមត្ថកិច្ចវិញ ហើយខណៈដែលថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងសមត្ថកិច្ចកំពុងរៀបចំដំណើរនាំយកសិលាចារឹកនោះ មកតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ដើម្បីជម្រះមន្ទិលជូនមហាជន និងដើម្បីពង្រឹងការការពារសុវត្ថិភាព ចំពោះសម្បត្តិបេតិកភណ្ឌជាតិមួយនេះផងដែរ៕ អ៊ុ ណូន