
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានរថយន្តបុកកិនក្បាល បែកខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ កើតឡើងកាលវេលាម៉ោង12ថ្ងៃត្រង់ តាមបណ្តោយផ្លូវជាតិលេខ១ មុខផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ យស់ គោយ ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកបរម៉ូតូម៉ាក់វ៉េវ ព័ណ៌សរលាយខ្មៅ គ្មានស្លាកលេខ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតទាំងស្រុង។ ចំណែកអ្នកបើកបររថយន្តលុចស៊ិស ព័ណ៌ដីអិន ពាក់ស្លាកលេខស្វាយរៀង 2A-0748 មិនស្គាល់អត្តសញ្ញាណ បន្ទាប់បុកកិនជនរងគ្រោះ បានបើកឡានទៅចតផ្ទះប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោល ដោយរថយន្តរងការខូចខាតកាងខាងមុខ, ទ្វារថយន្តខាងធ្វេង និងបែកកង់ខាងមុខ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា មុខពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូពីលិច ទៅកើត លុះមកដល់កន្លែងចំណុចកើតខាងលើ មានរថយន្តដឹកឥដ្ឋមួយគ្រឿងនៅពីមុខ ទើបជនរងគ្រោះបើកវ៉ាធ្វេងរថយន្តដឹកឥដ្ឋ ក៏ជួបនឹងរថយន្តលុចស៊ិសបង្ករហេតុ ដែលបើកមកពីកើត ក៏ជ្រុលបុករថយន្តចំពីមុខ ចំហៀងខាងធ្វេង បណ្តាលអោយរថយន្តកិនក្បាល បែកខួរ បាក់ជើងខាងឆ្វេង ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពបន្តថា ករណីដែលរថយន្តកិនក្បាលនោះ មិនដឹងថារយន្តណាមួយជាអ្នកកិននោះទេ ព្រោះពេលវ៉ានោះមានរថយន្តពីរគ្រឿងដែលនៅចំណុចកន្លែងកើតហេតុ ប៉ុន្តែប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាជនរងគ្រោះបើម៉ូតូទៅបុកជាមួយរថយន្តលុចសិស រួចខ្ទៀតក្រោមកង់រថយន្តដឹកឥដ្ឋ នេះបើការសណ្ឋានរបស់អ្នកឃើញហេតុការណ៍។ ប៉ុន្តែដែលគួរអោយសូរនោះ គឺបងប្អូនសាច់ញ្ញាត្ដបានប្រាប់ឲ្យដឹងថាជនរងគ្រោះ ជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយ គឺថ្ងៃទី6 ខែមករា ឆ្នាំ2018ខាងមុខនេះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចប្រគល់សាកសពទៅអោយបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋានគរនបាលស្រុកស្វាយទាប៕ ព្រហ្ម សាវ៉េត