
ខេត្តពោធិ៍សាត់ ៖ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកបែងចែកជាបីមុខព្រួញ ចុះសហការជាមួយកម្លាំងចំរុះបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាបជាទ្រង់ទ្រាយធំ។
លោក វរសេនីយ៍ឯក ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថាលោកបានចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកក្រគរ។នៅថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០១៨ ការចុះបង្ក្រាបបទល្មើសនេសាទ ជាលទ្ធផលកម្លាំងបានធ្វើការបង្រ្កាបដោយបំផ្លាញវត្ថុតាង រួមមានរបាំងសាច់អ៊ួនចំនួន៧ខ្សែ មានប្រវែង១.៨០០ម៉ែត្រ, ក្បាលបរចំនួន៧គ្រឿង, បង្គោលចំរឹងចំនួន៣៥០ដើម, បង្គោលឈ្នក់ចំនួន ៦១០ដើម, ស្មើនឹង៤២កន្លែង, ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបប្រមាណ១១៥គីឡូក្រាម, ឯម្ចាស់ដែលជាអ្នកប្រព្រឹត្តបានគេចខ្លួន។
ចំណែករបាយការណ៍កងរាជអាវុធហត្ថ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅ ក្នុងភូមិសាស្រ្តស្រុកកណ្ដៀងឯណេះវិញ បានឲ្យដឹងថា នៅថ្ងៃដដែលនេះ ជាលទ្ធផល កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវវត្ថុតាង រួមមានក្បាលអុយចំនួន ៦គ្រឿង, សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ១៧០ម៉ែត្រ, បង្គោលចំរឹងចំនួន ៧១៥ដើម, ម្ចាស់គេចខ្លួនបាត់ដូចគ្នា។
និងនៅឯស្រុកបាកានវិញ របាយការណ៍កងរាជអាវុធហត្ថ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកបាកាន ក៏បានឲ្យដឹងថាជាលទ្ធផល នៅថ្ងៃ១៨ ធ្នូ កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញវត្ថុតាងរួមមាន សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ២.៥០០ម៉ែត្រ, បង្គោលចំរឹងចំនួន ១.៦០០ដើម, និងក្បាលបរចំនួន ២គ្រឿង, ហើយនៅថ្ងៃទី១៩ ខែឆ្នាំដដែលនេះ កម្លាំងក៏ធ្វើការបង្រ្កាបដោយបំផ្លាញនូវវត្ថុតាងរួមមាន ក្បាលបរចំនួន ២គ្រឿង, សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ១.៥០០ម៉ែត្រ, បង្គោលចំរឹងចំនួន ១.៥០០ដើម, សាច់ឈ្នក់ចំនួន ៤ មានទំហំ ៤០គុណនឹង៤០ម៉ែត្រ, និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៥គីឡូក្រាមផងដែរ៕