
រាជធានីភ្នំពេញ ៖ រឿងភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងរាត្រីបុណ្យណូអែល ដោយកញ្ញាទេព បូព្រឹក្ស ត្រូវបានបុរសមួយរូបយកស្រាបៀរជះ និងគប់កំប៉ុងស្រាបៀរដាក់ ខណៈដែលនាងកំពុងតែច្រៀងនៅក្នុងហាងមួយកន្លែង ដែលមានឈ្មោះថា«សមុទ្រ»។ ករណីនេះផងដែរក៏បានបង្កឲ្យសិល្បករជាច្រើន និងមហាជន អំពាវនាវអោយស្វែងរកយុត្តិធម៌ជូន កញ្ញា ទេព បូព្រឹក្ស។
បើតាមវីដេអូដែលថតដោយអ្នកគាំទ្រ ហើយបានបង្ហោះពេញបណ្តាញសង្គម កញ្ញាទេព បូព្រឹក្ស កំពុងតែចាប់ផ្តើមច្រៀងបទចម្រៀងពេញនិយមរបស់នាង «my សង្សារ» ខណៈដែលច្រៀងមិនទាន់បានប៉ុន្មានផង មានបុរសពាក់អាវសរមួយរូប បានយកស្រាបៀរចំនួនពីរកំប៉ុង មកជះ និងគប់លើតារាចម្រៀងរូបនោះ។ ភ្លាមនោះការច្រៀងក៏ត្រូវបានផ្អាកហើយ កញ្ញាទេពបូព្រឹក្សក៏បានយកស្រាបៀគប់ទៅវិញ។
បើតាមការសំភាសន៍ជាមួយទូរទស្សអនឡាញ TVFB ទេព បូព្រឹក្សបានលើកឡើងថានាង មិនដឹងថានាងខុសអ្វី ហើយមូលហេតុអ្វីដែលបុរសនោះធ្វើបែបនេះនោះទេ។ តារាស្រីរូបនេះក៏បានបន្តដែរថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក៏មានស្រ្តីមួយរូបដែលគេអះអាងថាជាម្ចាស់ហាង «សមុទ្រ» បានមកសម្របសម្រួល ប៉ុន្តែការសម្របសម្រួលនោះបែរជាដេញនាងចេញពីហាង ព្រមទាំងបានច្រានអ្នករាំរបស់នាង និងព្យាយាមចង់ទះកំប្លៀងអ្នករាំរបស់នាងផងដែរ។
បន្ទាប់ពីការឡាយវីដេអូទាំងទឹកភ្នែក កណ្តាលយប់ដើម្បីស្វែងរកយុត្តិធម៌នោះ ករណីនេះត្រូវ បានមហាជន និង សិល្បៈករជាច្រើន បានចែកចាយបន្ត និងសរសេរជាមតិលើបណ្តាញសង្គម សូមជួយស្វែររកយុត្តិធម៌ដល់ ទេព បូព្រឹក្ស ខណៈដែលបុរសដែលបង្ករជម្លោះនោះ បាន ចេញពីហាងដោយមិនទាន់មានការដោះស្រាយ។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា «បើក្នុងករណីគ្មាន យុត្តិធម៌សម្រាប់កញ្ញា Tep Boprek ទេ, សមាគមសិល្បករខ្មែរ នឹងអោយមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក។»
សូមបញ្ចាក់ថាករណីនេះគឺបានកើតឡើង នៅរាត្រីថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 នៅទីតាំងហាង «សមុទ្រ»។ បន្ទាប់ពីបញ្ហានេះកើតឡើងក៏បានធ្វើអោយកញ្ញា ទេព បូព្រឹក្ស អាកខានមិនបានទៅច្រៀងកម្មវិធីតន្រ្តី Ganzberg នៅយប់ថ្ងៃដដែលនោះផងដែរ។ ចំរើន