
ខេត្ដព្រះសីហនុ ៖ នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង នៅលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចិន ស្រីពៅ ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ៣ ស.ក៣ ក្រុង/ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយ ក្នុងទិសដៅស្របទិសគ្នា ម៉ាកហុីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2745 (អ្នកបើកបរគេចខ្លួនបាត់)។
គ្រោះថ្នាក់នេះបានបណ្តាលអោយឈ្មោះទី១ ចិន ស្រីពៅ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែង និងទី២ឈ្មោះ តា ចា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅដូចគ្នា ស្លាប់នៅនឹងកន្លែង។
បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកព្រៃនប់ រង់ចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះ កំពុងរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕